(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានប្រកាសតែងតាំងលោកស្រី Janet Yellen អតីតប្រធានធនាគារកណ្តាលអាមេរិក (Federal Reserve) ជាបេក្ខភាពរដ្ឋមន្ត្រីរតនាគារ កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) និងបានតែងតាំងស្ត្រី៣រូប ផ្សេងទៀតឲ្យកាន់មុខតំណែងសេដ្ឋកិច្ចកំពូលៗនៅក្នុង រដ្ឋបាលថ្មីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋបាលថ្មីរបស់លោក បៃដិន ក៏បានប្រកាសតែងតាំងសមាជិកឈានមុខគេ នៃក្រុមសេដ្ឋវិទូ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបង្កដោយវិបត្តិ COVID-19 ដែលបាន ធ្វើឲ្យកម្មកររាប់លាននាក់បាត់បង់ការងារ និងអាជីវកម្មជាច្រើនប្រកាសក្ស័យធន ព្រមទាំងបានសម្លាប់ជីវិតពលរដ្ឋអាមេរិកាំងច្រើនជាង ២៦៦,០០០នាក់នៅក្នុង រយៈពេល ៩ខែកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានកត់សម្គាល់ថា ក្រុមថ្មីនេះបានឆ្លុះបញ្ចាំងពីសង្គមអាមេរិកជាក់ស្តែង ហើយនឹងនាំមក នូវគោលបំណងពិតប្រាកដប្រកបដោយសមត្ថភាព ដើម្បីបំពេញសន្យាសម្រាប់ពលរដ្ឋអាមេរិក។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើពលរដ្ឋអាមេរិក ទាំងអស់។

ក្រុមការងារផ្ទេរអំណាចរបស់លោក បៃដិន បានបញ្ជាក់ថាប្រធានាធិបតីជាប់ឆ្នោតរូបនេះ នឹងណែនាំសមាជិកក្រុមសេដ្ឋកិច្ចថ្មីជាផ្លូវការ នៅថ្ងៃអង្គារនេះ។ លោកស្រី Yellen ក្នុងវ័យ៧៤ឆ្នាំ ធ្លាប់កាន់ដំណែងជាប្រធានធនាគារកណ្តាលអាមេរិកពីឆ្នាំ ២០១៤-២០១៨ និងក៏ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនៅក្នុងរដ្ឋបាលរបស់អតីត ប្រធានាធិបតីលោក Bill Clinton ផងដែរ។ បន្ទាប់ពីការប្រកាសរបស់លោក បៃដិន លោកស្រី Yellen បានលើកឡើងពីបញ្ហាប្រឈមរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖ «ដើម្បីស្តារសេដ្ឋកិច្ចអាមេរិក យើងចំបាច់ណាស់ត្រូវស្តារសុបិន្តអាមេរិក (American Dream) ឡើងវិញ ដែលជាសង្គមមួយដែលមនុស្សម្នាក់ៗ អាចបង្កើនសក្តានុពល និងសុបិន្តកាន់តែធំសម្រាប់កូនៗ របស់ពួកគេ។ ក្នុងនាមជារដ្ឋមន្ត្រីរតនាគារ ខ្ញុំនឹងធ្វើការរាល់ថ្ងៃ ដើម្បីកសាងសុបិន្តនោះឡើងវិញសម្រាប់មនុស្សគ្រប់គ្នា»។ បើសិនជាត្រូវបានព្រឹទ្ធសភាអាមេរិកទទួលស្គាល់មែន នោះលោកស្រី Yellen នឹងក្លាយជា «រដ្ឋមន្ត្រីរតនាគារ» ជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោក បៃដិន ក៏បានបញ្ជាក់ថាដែរថា លោកនឹងតែងតាំង លោកស្រី Neera Tanden ឲ្យធ្វើជាប្រធានការិយាល័យគ្រប់គ្រង និងថវិកា (OMB)។ លោកស្រី Tanden បានជួយរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក អូបាម៉ា បង្កើតច្បាប់ថែទាំដែលមានតម្លៃសមរម្យ (ACA) ត្រូវបានគេស្គាល់ថា Obamacare ដែលជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលសំខាន់ៗ របស់លោក អូបាម៉ា។ ប៉ុន្តែក្រោមមកគណបក្សសាធារណរដ្ឋចង់លុបវាចោលទៅវិញ។ លោកស្រី Tanden ដែលបច្ចុប្បន្នជា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលជឿនលឿនអាមេរិក នឹងក្លាយជាស្ត្រីដំបូងគេដែលដឹកនាំ OMB ប្រសិនបើលោកស្រី ត្រូវបានព្រឹទ្ធសភាទទួលស្គាល់ជាផ្លូវការ។

បន្ថែមពីលើនេះ លោក បៃដិន ក៏បានជ្រើសរើស លោកស្រី Cecelia Rouse ព្រឹទ្ធបុរសសាលាកិច្ចការសាធារណៈ និងអន្តរជាតិនៃសាកលវិទ្យាល័យ Princeton ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចផងដែរ។ លោកស្រី ធ្លាប់ជាសមាជិកក្រុមប្រឹក្សានៅក្នុងរដ្ឋបាលលោក អូបាម៉ា ពីឆ្នាំ ២០០៩-២០១១។ ទន្ទឹមគ្នានេះ លោកស្រី Heather Boushey សេដ្ឋវិទូផ្តោតសំខាន់លើវិសមភាពសេដ្ឋកិច្ច ហើយក៏ជានាយកប្រតិបត្តិ និងសហស្ថាបនិកនៃមជ្ឈមណ្ឌលវ៉ាស៊ីនតោនសម្រាប់កំណើនប្រកប ដោយសមធម៌ នឹងបម្រើការនៅក្នុងក្រុមប្រឹក្សានេះដែរ។

គួរបញ្ជាក់ថា លោក ចូ បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris នឹងទទួលបានរបាយការណ៍សម្ងាត់ប្រចាំថ្ងៃរបស់ប្រធានាធិបតី ជាលើកដំបូងនៅថ្ងៃចន្ទសប្តាហ៍នេះ ដែលកន្លងមករដ្ឋបាលលោក ត្រាំ បានបដិសេធមិនផ្តល់ឲ្យ។ ការសង្ខេបនេះគឺជាជំហានដំបូងឆ្ពោះទៅរកការផ្ទេរការទទួលខុសត្រូវ សម្រាប់របាយការណ៍សម្ងាត់ទៅឲ្យរដ្ឋបាលថ្មី។ ដោយឡែក នៅថ្ងៃចន្ទសប្ដាហ៍នេះដែរ អាជ្ញាធរបោះឆ្នោតប្រចាំរដ្ឋ Georgia បាននិយាយថាពួកគេនឹងបាន បើកការស៊ើបអង្កេតពាក់ព័ទ្ធនឹងក្រុមមនុស្សជាជនទីបី ដែលបានព្យាយាមចុះឈ្មោះអ្នកបោះឆ្នោតថ្មីមុនការបោះឆ្នោតពិសេសមួយ ដែលនឹងត្រូវប្រព្រឹត្តិឡើងនាខែមករា ឆ្នាំ២០២១ ខាងមុខ ដែលនឹងកំណត់ថាគណបក្សមួយណាគ្រប់គ្រងព្រឹទ្ធសភាអាមេរិក៕