(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះបានអំពាវនាវជាថ្មីម្ដងទៀត ឱ្យប្រជាជនហុងកុងទាំងអស់ស្ថិតនៅក្នុងផ្ទះ ហើយជៀសវាងការជួបជុំទាំងឡាយណា ដែលមិនចាំបាច់ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Carrie Lam ធ្វើការអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងហុងកុង បានប្រកាសរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំង COVID-19 តាមរយៈការហាមឃាត់ការជួបជុំមនុស្សចាប់ពី ០២នាក់ឡើងទៅ ហើយមន្ត្រីស៊ីវិលមួយចំនួនធំ នឹងត្រូវតម្រូវឱ្យធ្វើការពីផ្ទះ។ ចំណែកឯសាលារៀន នៅទូទាំងទីក្រុងហុងកុង ក៏នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្នផងដែរ ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលហុងកុង នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៧៦ករណីថ្មីក្នុងមួយថ្ងៃ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៦,៣១៥នាក់ ក្នុងនោះស្លាប់ ១០៩នាក់៕