(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សារ (Alex Azar) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា ប្រជាជនអាមេរិកអាចនឹងបានប្រើប្រាស់វ៉ាក់សាំង COVID-19 ដំបូងចំនួន ០២ នៅមុនបុណ្យណូអែល បន្ទាប់ពីក្រុមហ៊ុន Moderna បានក្លាយជាក្រុមហ៊ុនផលិតវ៉ាក់សាំងទី ២ ដែលត្រូវបានគេរំពឹងខ្ពស់ថា នឹងទទួលបានការអនុញ្ញាតបន្ទាន់ ពីអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS លោក Azar បានឱ្យគូសបញ្ជាក់ទៀតថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ ដើម្បីពិចារណាលើការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer។

លោករដ្ឋមន្ត្រីខាងលើនេះបានបន្ថែមថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer អាចនឹងត្រូវបានអនុម័ត និងអនុញ្ញាតឱ្យចែកចាយនៅប៉ុន្មានថ្ងៃខាងមុខ ក្រោយទទួលបានការអនុញ្ញាត។ ចំណែកឯការពិចារណាលើវ៉ាក់សាំងរបស់ ក្រុមហ៊ុន Moderna នឹងត្រូវធ្វើឡើងនៅមួយសប្ដាហ៍បន្ទាប់ ពោលគឺប្រជាជនអាមេរិក អាចនឹងបានប្រើប្រាស់វ៉ាក់សាំង COVID-19 ដំបូងចំនួន ០២ នៅមុនថ្ងៃបុណ្យណូអែល (ថ្ងៃទី២៥ ខែធ្នូ)។

គួរបញ្ជាក់ថា បើតាមលោក Alex Azar រដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងដឹកជញ្ជូនវ៉ាក់សាំង COVID-19 តាមរយៈប្រព័ន្ធចែកចាយវ៉ាក់សាំងជាធម្មតា ហើយអភិបាលរដ្ឋនៃរដ្ឋ នីមួយៗនឹងកំណត់ថា ត្រូវចាយចែកវ៉ាក់សាំងទៅកន្លែងណាមុនគេ។ បើតាមកម្មវិធីចាក់វ៉ាក់សាំងបន្ទាន់ ដែលប្រទេសមួយចំនួន បានអនុវត្តរួចទៅហើយនោះ គឺតម្រូវឲ្យចាក់វ៉ាក់សាំងទៅឲ្យក្រុមមនុស្ស ដែលងាយប្រឈមមុខជំងឺនេះជាងគេ៕