(វ៉ាស៊ីនតោន)៖ ប្រភពចំនួនពីរបានមកពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុន (មិនបញ្ចេញអត្តសញ្ញាណ) បានអះអាងថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) ទៅប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីកំពូលៗរបស់លោកផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

អ្នកជំនាញអាមេរិកមួយរូបឈ្មោះ ហារី កាហ្ស៊ីយ៉ានីស (Harry Kazianis) គឺជាអ្នកដែលបានទទួលប្រភព ពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុនខាងលើនេះ ហើយលោកថែមទាំងបានគូសបញ្ជាក់ ចេញពីរដ្ឋធានីវ៉ាស៊ីនតោនទៀតថា លោក គីម ជុងអ៊ុន និងក្រុមគ្រួសារលោក ព្រមទាំងមន្ត្រីកំពូលៗរបស់កូរ៉េខាងជើងផងដែរ បានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ចិននោះរួចទៅហើយ។

ទោះជាបែបនេះក្តី អ្នកជំនាញអាមេរិកខាងលើនេះ មិនទាន់អាចបញ្ជាក់បានទេថា តើវ៉ាក់សាំងដែលចិន បានផ្តល់ឲ្យកូរ៉េខាងជើងនោះ ជាបេក្ខភាពវ៉ាក់សាំង ឬក៏ជាវ៉ាក់សាំងដែលទទួលបានការអនុម័ត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនោះ។

បើតាមអ្នកវិទ្យាសាស្ត្រអាមេរិកមួយរូបគឺលោក ភីធើ ហូថេស (Peter J Hotez) ក្រុមហ៊ុនចិនចំនួន ០៣ មានភាពលេចធ្លោក្នុងការផលិតវ៉ាក់សាំង COVID-19 ក្នុងនោះមានដូចជា ស៊ីណូវ៉ាក់ (Sinovac Biotech), ខេនស៊ីណូ (CanSinoBio) និងស៊ីណូផាម (Sinophram Group)។ ក្រុមហ៊ុន Sinophram ធ្លាប់បានអះអាងថា ខ្លួនបានចាក់វ៉ាក់សាំងដល់មនុស្សជិត ១លាននាក់ហើយនៅចិន ដោយស្ថិតនៅក្នុងកម្មវិធីចាក់វ៉ាសាំងបន្ទាន់ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរចិន និងអង្គការសុខភាពពិភពលោក (WHO)។

គួរបញ្ជាក់ថា ទាំងចិន និងកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការអះអាងដោយអ្នកជំនាញខាងលើនេះឡើយ។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងជើងនៅតែគ្មានករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី (បើតាមប្រភពផ្លូវការ)។ ដោយឡែកប្រទេសចិនវិញ ត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់ការនាំចូលជំងឺ COVID-19 នៅគ្រប់មធ្យោបាយ ព្រមទាំងកំពុងបន្តការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន នៅដំណាក់កាលចុងក្រោយផងដែរ៕