(បាងកក)៖ មេដឹកនាំក្រុមបាតុករថៃដ៏មានឥទ្ធិពលម្នាក់ គឺលោក អានុន ណាំផា (Anon Nampa) រួមទាំងមេដឹកនាំបាតុករជាច្រើនរូបទៀត នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញខ្លួននៅឯស្ថានីយប៉ូលិសមួយ ក្នុងទីក្រុងបាងកក តាមការកោះហៅ ខណៈពួកគេកំពុងប្រឈមមុខ នឹងការចោទប្រកាន់ពីទោស ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

នៅពេលទៅដល់ស្ថានីយប៉ូលិស អមដំណើរដោយមេដឹកនាំបាតុករថៃជាច្រើនរូបទៀត លោក Anon Nampa បានប្រាប់អ្នកសារព័ត៌មានថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ គឺមានលក្ខណៈលម្អៀង។ លោក Anon Nampa បានលើកឡើងយ៉ាងដូច្នេះថា «មាត្រា ១១២ គឺជាច្បាប់មានភាពលម្អៀង។ ខ្ញុំនឹងមិនបោះចោលតម្លៃណាមួយឡើយ ហើយខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីតតាំងតាមប្រព័ន្ធតុលាការ»។ លោក Anon បានបន្ថែមថា លោក និងបាតុករទាំងអស់ នឹងមិនខ្លាចការសម្លុតគំរាម រហូតដល់បញ្ឈប់ការធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងការធ្វើកំណែទម្រង់ របបរាជានិយមថៃសព្វថ្ងៃនោះឡើយ។

គួរបញ្ជាក់ថា លោក Anon Nampa រួមទាំងមេដឹកនាំបាតុករថៃ ជាច្រើនរូប កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះចេស្ដា ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn កំឡុងការធ្វើបាតុកម្មតវ៉ា កាលពីខែកក្កដាកន្លងទៅ។ ប្រសិនបើអ្នកទាំងនេះ ត្រូវបានចោទប្រកាន់មែន នោះពួកគេនឹងក្លាយជាមនុស្សដំបូង ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះចេស្ដា យោងតាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលចែងពីការដាក់ទោស ជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ៕