(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ក្រោយភ្នំភ្លើងមួយបានផ្ទុះឡើង ជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបញ្ចេញផ្សែង និងផេះជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។

ប្រជាជនច្រើនជាង ៤,៤០០នាក់ត្រូវបានជម្លៀសចេញ នៅពេលដែលភ្នំភ្លើង អ៉ីលី ឡេវ៉ូតូឡូក (Ili Lewotolok) បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបានបាញ់កម្ទេចផេះដ៏ក្រាស់ ទៅលើផ្ទៃអាកាសកម្ពស់ ៤គីឡូម៉ែត្រ និងបង្កឲ្យមានព្រមានពីការហោះហើរ ក៏ដូចជាការបិទអាកាសយានដ្ឋាន នៅក្នុងតំបន់ផងដែរ។ ការផ្ទុះដ៏ធំស្រដៀងនេះចុងក្រោយបង្អស់ បានកើតឡើងនៅក្នុងឆ្នាំ២០១៧ ។

រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ពីការរងរបួស ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែអាជ្ញាធរបានណែនាំអ្នកស្រុក ឲ្យពាក់ម៉ាសដើម្បីការពារខ្លួនពីផេះភ្នំភ្លើង នៅភាគខាងកើតនៃតំបន់ នូសា តេងហ្គារ៉ា (Nusa Tenggara) ជាខេត្តនៅភាគខាងត្បូង នៃប្រទេសឥណ្ឌូណេស៊ី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្អែរភ្នំភ្លើងផងដែរ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ លោក រ៉ាទិត្យា ចាទី (Raditya Jati) បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពីផេះភ្នំភ្លើង ពលរដ្ឋនៅក្នុងតំបន់ត្រូវបានគេណែនាំឲ្យពាក់ម៉ាស ឬឧបករណ៍ផ្សេងៗទៀតដើម្បីការពារភ្នែក និងស្បែករបស់ពួកគេ។ ដំបូងឡើយ រយៈចម្ងាយ ០២គីឡូម៉ែត្រ ពីចំណុចផ្ទុះប៉ុណ្ណោះ ត្រូវបានប្រកាសជាតំបន់ហាមឃាត់ ប៉ុន្តែក្រោយមកក៏ត្រូវបានបានពង្រីកដល់ ០៤គីឡូម៉ែត្រ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ បន្ថែមពីលើនេះ ជើងហោះហើរក៏ត្រូវបានណែនាំឲ្យលុបចោល ក្រោយផេះភ្នំភ្លើងបានធ្លាក់មកលើ អាកាសយានដ្ឋាន វូណូភីទូ (Wunopitu) ដែលត្រូវបានបិទជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប្រទេសសំបូរភ្នំភ្លើងសកម្ម ក្នុងចំនួនច្រើនប្រហែលជា ១៣០ ដោយសារតែស្ថិតនៅក្នុងតំបន់ក្រវ៉ាត់ភ្លើង ដែលជាខ្សែក្រវាត់ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ហេតុដូច្នេះទើបសកម្មភាពរញ្ជួយដីកើតមានជាញឹកញាប់។ កាលពីចុងឆ្នាំ ២០១៨ ភ្នំភ្លើងមួយស្ថិតនៅចន្លោះកោះ ជ្វា (Java) និង ស៊ូម៉ាត្រា (Sumatra) បានផ្ទុះឡើង និងបណ្តាលឲ្យមានការប្រេះដីនៅបាតសមុទ្រ និងបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៤០០នាក់៕