(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៩,៤៣១,៦៩១ករណីហើយ ខណៈអត្រាឆ្លងកំពុងបន្ត ស្ថិតនៅក្នុងកម្រិតទាបដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងមុន ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៨,៧៧២ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៤៤៣នាក់ក៏ត្រូវបានរាយការណ៍ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលបាននាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ១៣៧,១៣៩នាក់។ ចំណែកឯចំនួនអ្នកជាសះស្បើយ បានកើនដល់ ៨,៨៤៧,៦០០នាក់។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ១៤០,៣៧៩,៩៧៦នាក់ ក្នុងនោះមានសំណាកពីមនុស្សចំនួន ៨៧៦,១៧៣នាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃអាទិត្យ ម្សិលមិញនេះប៉ុណ្ណោះ៕