(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងមើលឃើញការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗបន្ថែមទៀត នាប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីបុណ្យ Thanksgiving ដោយសារអាកាសធាតុចុះត្រជាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។

នាយកវិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជំងឺឆ្លង លោក Fauci បានថ្លែងប្រាប់សារព័ត៌មាន ABC នៅសប្តាហ៍នេះ យ៉ាងដូច្នេះថា៖« យើងមិនចង់បំភ័យមនុស្ស នោះទេ ប៉ុន្តែវាគឺជាការពិត ហើយខ្ញុំមិនរំពឹងថានឹងមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងការណែនាំផ្សេងទៀត មុនពិធីបុណ្យណូអែលនោះឡើយ»។ លោក Fauci បានបន្ថែមទៀតថា រឿងទាំងនេះនឹងកើតឡើង អំឡុងពេលអាកាសធាតុចុះត្រជាក់ ស្របពេលដែលពលរដ្ឋអាមេរិកជាច្រើនចាប់ផ្តើមធ្វើដំណើរ វានឹងកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា ការព្រមានរបស់លោក Fauci ត្រូវបានធ្វើឡើង ខណៈដែលអ្នកជំងឺ COVID-19 ច្រើនជាង ៩០,០០០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នានានៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះអ្នកជំងឺច្រើនជាង ១៨,០០០នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបច្រើនជាង ១៣.៣៧លានករណី ក្នុងនោះមនុស្សច្រើនជាង ២៦៦,៨០០នាក់បានស្លាប់ គិតត្រឹមយប់ថ្ងៃអាទិត្យ៕