(ព្យុងយ៉ាង)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសង្កត់យ៉ាងធ្ងន់លើភាពចាំបាច់ ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ ស្របពេលដែលលោកធ្វើជាអធិបតី នៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃគណបក្សពលករដែលកំពុងកាន់អំណាច។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងស្របពេលដែលជំងឺ COVID-19 បានឆ្លងរាលដាលយ៉ាងខ្លាំងលើពិភពលោក និងបានដាក់សម្ពាធបន្ថែមទៀត ទៅលើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានបំផ្លាញដោយទណ្ឌកម្មអន្តរជាតិរួចទៅហើយ ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសមួយនេះ។

KCNA បានរាយការណ៍បន្ថែមថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការដាក់ប្រតិបត្តិការ និងបទបញ្ជាសម្រាប់ការអនុវត្ត គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្ស ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ព្រមទាំងបង្ហាញនូវការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុតផងដែរ»។

គួរបញ្ជាក់ថា កាលពីសីហាកន្លងទៅនេះ លោក គីម ជុងអ៊ុន បាននិយាយថា គណបក្សពលករដែលកំពុងកាន់អំណាចនៅកូរ៉េខាងជើង នឹងរៀបចំសមាជបក្សមួយ ដែលនឹងប្រព្រឹត្តទៅនៅខែមករា ដើមឆ្នាំ២០២១ខាងមុខនេះ ដើម្បីសម្រេចលើផែនការ ០៥ឆ្នាំថ្មីៗរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល ៨០ថ្ងៃកាលពីខែតុលាកន្លងទៅនេះផងដែរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នៅគ្រប់វិស័យទាំងអស់ មុនពេលរៀបចំសមាជបក្សនៅឆ្នាំក្រោយ៕