(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅជាង ១៤៣,៣៧៣ករណីថ្មីៗតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,២១៦នាក់ទៀត បានបាត់បង់ជីវិត ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់ខ្ពស់បំផុតដដែល។ នេះបើតាមការដកស្រង់ទិន្នន័យពី គេហទំព័រ Worldometer នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៣,៦១០,៣៥៧ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៧២,២៥៤នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨.០៤លាននាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់កត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត រហូតដល់ទៅជាង ៣,៣៨០នាក់ កាលពីថ្ងៃ១៤ ខែមេសា ដែលជាពេលមហាអំណាចមួយនេះ កំពុងទទួលរងការវាយប្រហារដោយ COVID-19 ធ្ងន់ធ្ងរដំបូងៗ។ លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក នឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ទៅតាមគោលនយោបាយរបស់លោក បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕