(តូក្យូ)៖ ទិន្នន័យថ្មីមួយចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន ក្នុងសប្ដាហ៍នេះ បានបង្ហាញថាចំនួនអ្នកស្លាប់ដោយការធ្វើអត្តឃាតកាលពីខែតុលាកន្លងទៅ មានច្រើនជាងអ្នកស្លាប់សរុបដោយសារ COVID-19 ក្នុងរយៈពេលជិតពេញមួយឆ្នាំមកនេះ មកទល់នឹងពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមទិន្នន័យចេញផ្សាយដោយទីភ្នាក់ងារប៉ូលិសជាតិជប៉ុន មនុស្ស ២,១៥៣នាក់ បានធ្វើអត្តឃាតកាលពីខែតុលា ខណៈគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ក្នុងប្រទេសជប៉ុន មាន២,០៨៧នាក់ប៉ុណ្ណោះ។ ក្រុមអ្នកជំនាញបាននិយាយថា ការឆ្លងរាតត្បាត COVID-19 បានបង្កឱ្យមានបញ្ហាសុខភាព ផ្លូវចិត្តធ្ងន់ធ្ងរ តាមរយៈវិធានការ Lockdown, ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ, វិបត្តិគ្មានការងារធ្វើ និងវិបត្តិហិរញ្ញវត្ថុជាដើម។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានបង្កើនថវិកាបន្ថែម ១០លានដុល្លារ លើកញ្ចប់ថវិកា២៤លានដុល្លារ នៃមូលនិធិទប់ស្កាត់ការធ្វើអត្តឃាតនៅក្នុងប្រទេស ដែល ត្រូវបានគេមើលឃើញថា មានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕