(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានអញ្ជើញមេដឹកនាំក្រុមកសិករមកពិភាក្សាគ្នា ខណៈកសិករឥណ្ឌារាប់ពាន់នាក់ បានបន្តធ្វើបាតុកម្មនៅក្នុង និងជុំវិញរដ្ឋធានីញូដេលីនៅថ្ងៃសៅរ៍នេះ ដើម្បីប្រឆាំងនឹងច្បាប់ស្តីពីវិស័យកសិកម្ម ដែលត្រូវពួកគេចាត់ទុកថា អាចរងការកេងប្រវ័ញ្ចពីវិស័យឯកជនក្នុងការទិញផលដំណាំរបស់ពួកគេក្នុងតម្លៃថោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ូលិសឥណ្ឌាបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងកាំភ្លើងប្រើគ្រាប់ជ័រដើម្បីបំបែកក្រុមបាតុករ តែក្រោយមកក៏បានអនុញ្ញាតឲ្យពួកគេដើរហែរក្បួនចូលទីក្រុងញូដេលី កាលពីថ្ងៃសុក្រម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ណារិនដ្រា សិញតូម៉ា (Narendra Singh Tomar) បានអញ្ជើញពួកគេឲ្យជួបពិភាក្សាគ្នានៅថ្ងៃទី០៣ ខែធ្នូ ខាងមុខនេះ។ លោក Tomar បាននិយាយដូច្នេះថា «យើងបានទូរស័ព្ទទៅអង្គការកសិករទាំងអស់ ហើយយើងក៏ធ្លាប់បានពិភាក្សាគ្នាពីមុនរួចមកហើយ និងត្រៀមខ្លួនសម្រាប់ការចរចាគ្នាបន្ថែមទៀតផងដែរ»។ ប៉ុន្តែមិនទាន់មានការឆ្លើយតបភ្លាមៗ ពីមេដឹកនាំកសិករនៅឡើយទេ ខណៈដែលក្រុមអ្នកតវ៉ាបានអះអាងថា ពួកគេនឹងមិនវិលត្រឡប់ទៅផ្ទះវិញទេ ដរាបណាការទាមទាររបស់ពួកគេត្រូវបានឆ្លើយតប។

ក្នុងរយៈពេល០២ខែចុងក្រោយនេះ សហជីពកសិករឥណ្ឌាបានច្រានចោលច្បាប់កសិកម្មមួយ ដែលត្រូវបានអនុម័តកាលពីខែកញ្ញាកន្លងទៅ ហើយពួកគេបានបោះជំរុំនៅតាមដងផ្លូវសំខាន់ៗនៅក្នុងរដ្ឋភូនចាប (Punjab) និងហាយ៉ាណា (Haryana)។ ពួកគេបារម្ភថាច្បាប់ថ្មីនេះ អាចនឹងធ្វើឲ្យរដ្ឋាភិបាលបញ្ឈប់ការបញ្ជាទិញគ្រាប់ធញ្ញជាតិក្នុងតម្លៃ ដែលត្រូវបានធានា ហើយជាលទ្ធផលក្រុមហ៊ុនទាំងឡាយនឹងឆ្លៀតឱកាសទិញផលដំណាំរបស់ពួកគេក្នុងតម្លៃថោក។

នៅជុំវិញបញ្ហានេះ រដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា ច្បាប់នេះគឺចាំបាច់ ក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្ម ដោយវាផ្តល់សេរីភាពឲ្យកសិករក្នុងការធ្វើទីផ្សារផលដំណាំរបស់ពួកគេ និងជំរុញផលិតកម្មតាមរយៈការវិនិយោគឯកជន។

ដោយឡែក មេដឹកនាំម្នាក់របស់ក្រុមកសិករលោក មាចហ៉ីនដឺ ស៉ីញដាលីវ៉ាល (Majhinder Singh Dhaliwal) បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតស៊ូដើម្បីសិទ្ធិរបស់ពួកយើង... ពួកយើងនឹងមិនសម្រាកឡើយទាល់តែពួកយើងឈានជើងដល់ក្នុងរដ្ឋធានី ហើយបង្ខំឲ្យរដ្ឋាភិបាលលុបចោលច្បាប់ដ៏ខ្មៅងងឹតទាំងនេះ»។

បន្ថែមពីលើនេះ បណ្តាគណបក្សប្រឆាំង ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់នាយករដ្ឋមន្ត្រីឥណ្ឌាផ្ទាល់ បានហៅច្បាប់នេះថា ជាច្បាប់ប្រឆាំងកសិករនិងគាំទ្រក្រុមហ៊ុនឯកជនទៅវិញ។ ប្រជាកសិករត្រូវបានគេមើលឃើញថា ជាបេះដូងរបស់ប្រទេសឥណ្ឌា ដោយសារតែវិស័យកសិកម្មគាំទ្រដល់ទៅជាងពាក់កណ្តាលនៃប្រជាជន ១.៣ពាន់លាននាក់របស់ប្រទេសអាស៉ីខាងត្បូងមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ កសិករបានមើលឃើញពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ពួកគេក្នុងរយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយនេះ។ ពីមុនមកវិស័យកសិកម្មធ្លាប់ទទួលបន្ទុកមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌា (GDP) វិប៉ុន្តែឥឡូវវិស័យនេះទទួលបន្ទុកតែ ១៥ ភាគរយប៉ុណ្ណោះនៃ GPD ឥណ្ឌា ដែលមានតម្លៃ២.៩ទ្រីលានដុល្លារក្នុងមួយឆ្នាំ។
កសិករឥណ្ឌាជារឿយៗបានត្អូញត្អែរពីការព្រងើយកន្តើយរបស់រដ្ឋាភិបាល និងធ្វើបាតុកម្មជាញឹកញាប់ដើម្បីទាមទារថ្លៃដំណាំខ្ពស់ជាងមុន ក៏ដូចជាការលុបចោលប្រាក់កម្ចីបន្ថែមទៀត រួមនិងការកសាងប្រព័ន្ធធារាសាស្រ្តឲ្យបានកាន់តែច្រើន ដើម្បីធានាទឹកនៅរដូវប្រាំង៕