(ប៉េកាំង)៖ ប្រទេសចិនបានចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រនុយក្លេអ៊ែរដំបូង ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯងមានឈ្មោះថា ហ្វ័រឡុង ១ (Hualong One)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

រ៉េអាក់ទ័រនុយក្លេអ៊ែររបស់ចិនខាងលើនេះ គឺជាជំហានដំបូងដ៏ធំមួយ ដែលត្រូវបានធ្វើឡើង ក្នុងន័យកាត់បន្ថយការពឹងផ្អែករបស់ចិន ទៅលើលោកខាងលិចសម្រាប់សន្តិសុខថាមពល និងបច្ចេកវិទ្យាស្មុគស្មាញជាច្រើនទៀត ពាក់ព័ន្ធនឹងវិស័យនេះ។

យោងតាមក្រុមសហប្រតិបត្តិការនុយក្លេអ៊ែរជាតិចិន (CNNC) បានឲ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរ Hualong One ត្រូវបានដាក់ឲ្យដំណើរការ ចាប់តាំងពីថ្ងៃសុក្រម្សិលមិញនេះ ដោយវាអាចផលិតថាមពលអគ្គិសនីបាន ១០ពាន់គីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ។ វាក៏ស្របទៅនឹង ការប្តេជ្ញាចិត្តរបស់ចិនផងដែរក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសឲ្យបាន ៨.១៦ពាន់លានតោន។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរបរទេសនានា បានផ្គត់ផ្គង់ថាមពលអគ្គិសនីតិចជាង ៥% នៅក្នុងថាមពលដែលចិនប្រើប្រាស់សរុប ទូទាំងប្រទេសកាលពីឆ្នាំ២០១៩។ Hualong One ជាជំហានថ្មីសន្លាងមួយ ដែលអាចឲ្យចិនបំបែកការគ្រប់គ្រងផ្តាច់មុខ របស់ក្រុមហ៊ុននុយក្លេអ៊ែរបរទេស និងជាទិសដៅនៃការកាត់បន្ថយ ការបញ្ចេញកាបូនិចរបស់ចិនឲ្យដល់កម្រិត ០ នៅឆ្នាំ២០៦០៕