(កូឡុំបូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្រីលង្កានៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ប្រទេសស្រីលង្កានឹងកែច្នៃកាកសំណល់ប្លាស្ទិចទៅជាវត្ថុធាតុដើមផលិតជាកៅស៊ូសម្រាប់ក្រាលផ្លូវថ្នល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្រីលង្កាលោក បានឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្ពោធគម្រោងកសាងផ្លូវថ្នល់ដំបូងបង្អស់ ដែលប្រើកៅស៊ូដែលមានកាកសំណល់ប្លាស្ទិកជាវត្ថុធាតុដើមនៅក្រុងហូម៉ាហ្គាម៉ា (Homagama)។

សារព័ត៌មានស្រីលង្កា Daily News បានរាយការណ៍ថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា រវាងអាជ្ញាធរគ្រប់គ្រងកាកសំណល់ខេត្តភាគខាងលិចរបស់ប្រទេសស្រីលង្កា ដែលជាភាគីផ្គត់ផ្គង់កាកសំណល់ប្លាស្ទិក ជាមួយក្រុមហ៊ុនឯកជន AGC Innovate ដែលជាភាគីផ្តល់បច្ចេកវិទ្យាកែច្នៃ ហើយផលិតផលសម្រេចនឹងត្រូវប្រើប្រាស់សម្រាប់ការងារសាងសង់ផ្លូវថ្នល់ធំៗ ដោយអាជ្ញាធរអភិវឌ្ឍផ្លូវថ្នល់ខេត្តភាគខាងលិច។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាផលិតកាកសំណល់រឹងខ្ទង់ ៧,០០០តោនក្នុងមួយថ្ងៃ ក្នុងនោះ ៦០ភាគរយចេញមកពីខេត្តភាគខាងលិចរបស់ប្រទេសនេះ។ កន្លងមករដ្ឋាភិបាលស្រីលង្កា បានប្រកាសពីផែនការដើម្បីតម្រូវឲ្យមានការកែច្នៃប្លាស្ទិកជាកំហិត និងហាមឃាត់ការប្រើប្រាស់ផលិតផលប្លាស្ទិក ដែលប្រើតែម្តងហើយបោះចោល៕