(ប៉េកាំង)៖ ប្រទេសចិននៅតែបន្តការត្រួតពិនិត្យ ទៅលើប្រទេសចំណីអាហារក្លាសេ ដែលនាំចូលពីបរទេស ក្រោយពីករណីឆ្លងជំងឺ COVID-19 មួយចំនួនកន្លងមកនេះ ត្រូវបានរកឃើញថា មានប្រភពចេញពីចំណីអាហារក្លាសេ ក្នុងនោះមានដូចជាគ្រឿងសមុទ្រ និងសាច់សត្វមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងដឹកជញ្ជូនចិន (MOT) បានដាក់ចេញនូវវិធានការចាំបាច់ ដោយស្ថិតនៅក្នុងគោលដៅត្រួតពិនិត្យសុវត្ថិភាព លើអាហារក្លាសេនាំចូលពីបរទេសជាចម្បងតែម្តង ក្នុងនោះមានដូចជា ការហ្វឹកហ្វឺនបុគ្គលិកផ្នែកដឹកជញ្ជូន, ការត្រួតពិនិត្យបឋមមុនដឹកជញ្ជូន និងការបាញ់សម្លាប់មេរោគ ទៅតាមក្បួនខ្នាតផងដែរ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានប្រកាសថា ការឆ្លងជំងឺ COVID-19 ចំនួន ០២ករណីនៅក្នុងទីក្រុងកំពង់ផែធានជិន (Tianjin) បានបង្ខំឲ្យមនុស្សជាង ៧លាននាក់ទៀតធ្វើតេស្តរក COVID-19 ទាំងអស់គ្នាតែម្តង។ ការស៊ើបអង្កេតបឋមបានរកឃើញថា ពួកគេទំនងជាបានឆ្លង COVID-19 ពីក្បាលជ្រូកក្លាសេ ដែលត្រូវបាននាំចូលពីតំបន់អាមេរិកខាងជើង។