(តូក្យូ)៖ ក្រសួងកសិកម្មជប៉ុនបាននិយាយថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅខេត្តទី ៣ ហើយនៃប្រទេសជប៉ុន ខណៈរលកនៃការចម្លងរោគនេះនៅកសិដ្ឋានបសុបក្សី មានស្ថានភាពអាក្រក់បំផុតនៅក្នុងប្រទេសដីកោះមួយនេះ មិនធ្លាប់មានអស់រយៈពេលជាង ៤ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងកសិកម្មជប៉ុនបានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជំងឺផ្តាសាយបក្សី (Avian influenza) ត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅតំបន់អាវ៉ាជិ (Awaji) ខេត្តហ៊ីយ៉ូហ្គូ (Hyogo) ភាគខាងលិចនៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ដែលស្ថិតនៅជិតខេត្ត កាហ្គាវ៉ា (Kagawa) ជាខេត្តដែលការផ្ទុះជំងឺផ្ដាសាយបក្សីជាលើកដំបូង ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ កាលពីដើមខែវិច្ឆិកានេះ។

ជុំវិញបញ្ហាខាងលើនេះ សត្វមាន់ចំនួន ១៤៦,០០០ក្បាលនៅកសិដ្ឋាន Hyogo នឹងត្រូវយកទៅសម្លាប់ និងកប់ចោល ខណៈការធ្វើដំណើរចេញចូលក្នុងបរិវេណប្រហែល ០៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននោះ នឹងត្រូវរឹតត្បិតផងដែរ។ រដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនក៏បានរកឃើញថា មានការផ្ទុះជំងឺផ្តាសាយបក្សីនៅកសិដ្ឋានចិញ្ចឹមមាន់នៅខេត្ត ហ្វូគូអូកា (Fukuoka) ភាគនីរតីប្រទេស។ ដូច្នេះខេត្តសរុបចំនួន ០៣ហើយនៅជប៉ុន ត្រូវបានរាយការណ៍ពីការផ្ទុះជំងឺនេះ។

គួរបញ្ជាក់ថា ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុន គឺកាលពីខែមករា ឆ្នាំ២០១៨ នៅខេត្ត Kagawa ដែលពេលនោះសត្វមាន់ចំនួន ៩១,០០០ក្បាលត្រូវបានសម្លាប់។ ចំណែកឯ ការផ្ទុះទ្រង់ទ្រាយធំចុងក្រោយនៃជំងឺនេះ គឺកាលពីចន្លោះខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលសត្វមាន់សរុបចំនួន ១.៦៧លានក្បាលត្រូវបានសម្លាប់ចោល ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕