(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ក្នុងសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុននឹងបន្តការធ្វើតេស្តផ្តល់សេវាកម្មអ៉ីនធើណិត Starlink រហូតដល់ឆ្នាំក្រោយ។ ការសម្រេចបែបនេះមានន័យថា ការផ្តល់សេវាអ៉ីនធើណិត Starlink ជាផ្លូវការ ហាក់ពុំទាន់អាចប្រព្រឹត្តទៅបានក្នុងឆ្នាំ២០២០នេះ ដូចការគ្រោងទុកកន្លងមកឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សរុបមកទល់ឥឡូវ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបសរុបជិត ៩០០គ្រឿងហើយនៃគម្រោង Starlink ឡើងទៅទីអវកាសគិតចាប់តាំងពីឆ្នាំ២០១៩ ជាមួយគោលដៅបង្កើតបណ្តាញផ្កាយរណបដ៏ធំមួយ គឺដល់ទៅរាប់ម៉ឺនគ្រឿងឯណោះ ដែលផ្តល់សេវាកម្មអ៉ីនធើណិតល្បឿនលឿនពីទីអវកាស ទៅកាន់តំបន់នានាជុំវិញពិភពលោក ជាពិសេសកន្លែងដែលការផ្តល់សេវាកម្មអ៉ីនធើណិត ធម្មតាៗមិនអាចទៅដល់។

កាលពីតុលាកន្លងទៅនេះ ក្រុមហ៊ុន SpaceX បានជូនដំណឹងដល់មនុស្សរាប់រយនាក់ ដែលរស់នៅរដ្ឋឆ្ងាយៗក្នុងសហរដ្ឋអាមេរិកដូចជារដ្ឋ អ៉ីដាហូ (Idaho), វ៉ាស៊ីតោន (Washington) និង វីសខុនសិន (Wisconsin) ជាដើមថា ពួកគេអាចចូលរួមក្នុងដំណាក់កាលធ្វើតេស្តសេវាអ៉ីនធើណិត Starlink បាន។ ប៉ុន្តែដើម្បីចូលរួម អ្នកប្រើប្រាស់ត្រូវទិញសម្ភារៈតម្លៃ ៤៩៩ដុល្លារយកទៅដំឡើង ហើយត្រូវបង់ប្រាក់ ៩៩ដុល្លារក្នុងមួយខែសម្រាប់សេវាអ៉ីនធើណិត។

គួរបញ្ជាក់ថា បើតាមការបង្ហើបឲ្យដឹងពីវិស្វករម្នាក់របស់ក្រុមហ៊ុន SpaceX ការធ្វើតេស្តខាងលើ ទំនងជានឹងត្រូវបន្តរហូតដល់ខ្ទង់ចុងខែមករា ឬដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងខែវិច្ឆិកានេះ SpaceX ក៏ទើបតែទទួលបានការអនុញ្ញាតពីអាជ្ញាធរកាណាដា ដើម្បីចាប់ផ្តើមការធ្វើតេស្តផ្តល់សេវាអ៉ីនធើណិត Starlink នៅទីនោះផងដែរ៕