(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថា លោកបានលើកលែងទោសឲ្យលោក ម៉ៃខឺល ហ្វ្លីន (Michael Flynn) អតីតទីប្រឹក្សាសន្តិសុខជាតិ ដែលធ្លាប់និយាយកុហកអំពីទំនាក់ទំនងរបស់លោក ត្រាំ ជាមួយប្រទេសរុស្ស៊ី ដែលក្រោយមកជំរុញឲ្យមានការស៊ើបអង្កេត លើករណីគប់គិតជាមួយទីក្រុងម៉ូស្គូ នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ការលើកលែងទោសនេះត្រូវបានធ្វើឡើង ដូចនឹងអ្វីដែលគេរំពឹងទុកនៅប៉ុន្មានសប្តាហ៍ចុងក្រោយ នៃអាណត្តិរបស់លោក ត្រាំ ដែលក្នុងរយៈពេល ០២ឆ្នាំកន្លងមកនេះ បានតតាំងនឹងការចោទប្រកាន់ដែលថា លោកបានព្យាយាមបិទបាំងគ្រោងការណ៍ដ៏គ្រោះថ្នាក់ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី។ កាលពីឆ្នាំ២០១៧ លោក Flynn បានសារភាពថា ខ្លួនបានកុហក FBI នៅក្នុងការស៊ើបអង្កេតលើកដំបូង ហើយក្រោយមកលោកត្រូវបានបង្ខំឲ្យលាឈប់ពីតំណែង ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយចូលកាន់តំណែងបានត្រឹមតែ ០៤សប្តាហ៍ប៉ុណ្ណោះ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ខ្ញុំដែលប្រកាសថា លោក Michael Flynn ត្រូវបានលើកលែងទោសពេញលេញ និងជូនពរលោកក្នុងឱកាសបុណ្យ Thanksgiving»

គួររំលឹកថា ដំបូងឡើយលោក Flynn ត្រូវបានកំណត់ជាមុខសញ្ញា នៅក្នុងការស៊ើបអង្កេតសម្ងាត់របស់មន្ត្រី FBI ក្រោយពីលោកបានហៅទូរស័ព្ទសម្ងាត់ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិកនៅក្នុងខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ។ លោក Flynn បានព្យាយាមកាត់បន្ថយ ផលប៉ះពាល់នៃការដាក់ទណ្ឌកម្ម ដែលត្រូវបានប្រកាសដោយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដើម្បីប្រឆាំងទីក្រុងម៉ូស្គូ ចំពោះការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនៅអាមេរិកឆ្នាំ២០១៦។

ក្រោយចូលកាន់ដំណែងផ្លូវការលោក ត្រាំ បានព្យាយាមការពារក្តីឲ្យលោក Flynn កាលពីដើមឆ្នាំ២០១៧ តាមរយៈការតែងតាំងទីប្រឹក្សាឯករាជ្យគឺលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដើម្បីធ្វើការស៊ើបអង្កេតទាំងរឿងក្តីគប់គិត និងការរាំងស្ទះដល់ផ្នែកយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែការពារលោក Flynn និងបានចាត់ទុករឿងក្តីនេះថា ជាការប្រមាញ់ផ្នែកនយោបាយ ដើម្បីប្រឆាំងរូបលោកផ្ទាល់៕