(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៥៨៣ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីខែមីនាមកម្ល៉េះ ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកទី ៣ នៃការឆ្លងវីរុសកូរ៉ូណា (COVID-19) នេះ ដែលបានបង្ខំឲ្យប្រទេសទាំងមូល បានដាក់ចេញនូវវិធានការរក្សាគម្លាតក្នុងសង្គម យ៉ាងតឹងរ៉ឹងបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងលើស ៥០០ករណីជាលើកដំបូង គិតចាប់តាំងពីថ្ងៃទី០៦ ខែមីនាមកម្ល៉េះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅសប្តាហ៍នេះ បានដាក់ចេញនូវវិធានការរក្សាគម្លាតសង្គម យ៉ាងតឹងរ៉ឹងលើរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះបន្ទាប់ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើងវិញលើស ៣០០ករណីក្នុង១ថ្ងៃ កាលពីសប្តាហ៍មុននេះ។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានព្រមានផងដែរថា រលកបច្ចុប្បន្នដែលជាសញ្ញាឈានទៅរលកទី៣ នៃការឆ្លងវីរុសនេះ អាចនឹងពិបាកគ្រប់គ្រងជាងរលកមុនៗ ព្រោះថាកាលពីរលកទី ២ ករណីឆ្លងភាគច្រើនបានកើតឡើងនៅក្នុងការិយាល័យ សាលារៀន កន្លែងហាត់ប្រាណ និងការជួបជុំតូចៗនៅក្នុងសហគមន៍ទូទៅ នៅជុំវិញទីក្រុងសេអ៊ូលប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូងលោក ផាក នុងហ៊ូ (Park Neung-hoo) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីចំនួនអ្នកជំងឺដែលមានអាយុ ២០ឆ្នាំទៅ ៣០ឆ្នាំបានកើនឡើងដល់ ២៨ភាគរយនៃចំនួនអ្នកជំងឺ COVID-19 សរុបនៅក្នុងរយៈពេលមួយខែកន្លងមកនេះ។ លោក Park Neung-hoo បានថ្លែងប្រាប់កិច្ចប្រជុំមួយថា «វីរុសកូរ៉ូណា (COVID-19) បានមកដល់ក្បែរអ្នក និងក្រុមគ្រួសាររបស់អ្នកហើយ។ យើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលវាមិនចម្លែកទាល់តែសោះ ប្រសិនបើមាននរណាម្នាក់ឆ្លងវីរុសនេះ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង»

គួរបញ្ជាក់តាមគេហទំព័រ Worldometers បានឲ្យដឹងថា រហូតមកទល់ពេលនេះប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣២,៣១៨ករណី ក្នុងនោះមានអ្នកស្លាប់ ៥១៥នាក់ និងជាសះស្បើយ ២៦,៩៥០នាក់៕