(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ២,១៨៨ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

នេះជាលើកទីមួយហើយ ដែលប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងថ្មីៗលើសពី ២,០០០នាក់ក្នុងមួយថ្ងៃ ដែលសរុបកើនដល់ ៥៨,៨៤៧ នាក់។ បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ គឺសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់ ហើយភាគច្រើនត្រូវបានរាយការណ៍ចេញពីរដ្ឋ Selangor។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លងថ្មី ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៤នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបកើនដល់ ៣៤១នាក់៕