(វិនឆាង)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសចិនបានធ្វើការបាញ់បង្ហោះយានឆាងអឺ ៥ (Chang'e 5) ចេញពីមូលដ្ឋានវិនឆាង (Wenchange) ស្ថិតនៅក្នុងខេត្ត ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន ដើម្បីឲ្យទៅស្រាវជ្រាវនៅផ្នែកមួយនៃព្រះច័ន្ទ រួចជីកយកគំរូតាង (ដី ឬកម្ទេចថ្ម) ពីទីនោះត្រលប់មកកាន់ភពផែនដីវិញ។ នេះបើតាមការចេញផ្សាយដោយ CNA។

បេសកកម្ម Chang'e 5 ត្រូវបានបាញ់ចេញពីមូលដ្ឋានបាញ់បង្ហោះ Wenchange ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-5Y កាលពីវេលាម៉ោង ៤៖៣០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីការបាញ់បង្ហោះ យាន Chang'e 5 បានផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែតក្នុងតំណាក់កាលទី ១ និងបន្ទាប់មកនៅតំណាក់កាលទី ២ ហើយទើបជ្រៀតចូលទៅក្នុងគន្លង ដែលឲ្យវាគោចរបន្តិចម្តងៗទៅរកព្រះច័ន្ទ។ រយៈពេល ១ម៉ោងបន្ទាប់ យាន Chang'e 5 ក៏បានបញ្ចេញបន្ទះសូឡារបស់វា ដើម្បីស្រូបពន្លឺព្រះអាទិត្យ។

យាន Chang'e 5 នឹងត្រូវប្រើពេលសរុប ០៣ថ្ងៃ ដើម្បីធ្វើដំណើរទៅដល់គន្លងគោចរនៅជុំវិញព្រះច័ន្ទ និងត្រៀមដើម្បីធ្វើការចុះចត។ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC)បានកត់សម្គាល់ថា វាគឺជាបេសកកម្មស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន។ ការបាញ់បង្ហោះត្រូវបានពន្យារពេល ជាច្រើនដងមកហើយ ការពន្យារពេលចុងក្រោយបង្អស់គឺនៅចុងឆ្នាំ ២០១៩ និងត្រូវអូសបន្លាយរហូតមកដល់ពេលនេះ។ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យាន Chang’e 5 នឹងប្រមូលគំរូតាង (កម្ទេចដី ឬថ្ម) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ។

គួរបញ្ជាក់ថា បេសកកម្ម Chang’e-5 នឹងត្រូវចុះចតនៅតំបន់ភ្នំ រឹមខឺ (Rumker) ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) នៅលើផ្នែកដែរបែរមុខ មករកផែនដីយើងជានិច្ចនោះ។ បច្ចុប្បន្នបេសកកម្មចិន Chang’e-4 ក៏កំពុងបន្តការសិក្សានៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ ដែលមិនបែរមុខរកផែនដីនោះគឺ Moon Far Side ផងដែរ ដោយវាជាយានដំបូងបំផុតក្នុងលោក ដែលបានចុះចត នៅតំបន់ដ៏ពិបាកទៅដល់បំផុតនោះ៕