(បរទេស)៖ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បើយើងសំឡឹងមើលទៅផ្ទៃមេឃ យើងនឹងឃើញភពចំនួនពីរស្ថិតនៅជាប់គ្នានោះគឺ ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn)។ វាជាបាតុភូតគេហៅថា Great Conjunction ឬការភ្ជាប់ដ៏អស្ចារ្យរវាងភពទាំងពីរ ដែលកើតមានឡើងជារៀងរាល់ ២០ឆ្នាំម្តង លើកចុងក្រោយដែលបាតុភូតនេះបានកើតឡើង គឺកាលពីឆ្នាំ២០០០។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំថ្ងៃ (Scietechdaily) នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បាតុភូតខាងលើសម្រាប់ចុងឆ្នាំ២០២០នេះ មានលក្ខណៈកម្រ និងពិសេស ដោយសារតែគម្លាតដ៏កៀករវាងភពព្រហស្បតិ៍ និងភពសៅរ៍នោះឯង។ លើកចុងក្រោយបំផុត ដែលភពទាំងពីរមើលទៅ ឃើញនៅជិតជាប់គ្នាខ្លាំងបែបនេះ លើផ្ទៃមេឃភពផែនដី គឺតាំងពីរាប់រយឆ្នាំមុនឯណោះ។

ភពព្រហស្បតិ៍ និងភពសៅរ៍បានបន្តរំកិលរកគ្នានៅលើផ្ទៃមេឃ ចាប់ពីប៉ុន្មានខែកន្លងមកម្ល៉េះ។ នៅចន្លោះថ្ងៃទី១៦-២៥ ខែធ្នូ ខាងមុខ ភពទាំងពីរនឹងមានគម្លាតរវាងគ្នា មិនស្មើនឹងអង្កត់ផ្ចិតនៃព្រះច័ន្ទ ពេលពេញវង់ឡើយ។ ក្នុងចន្លោះនោះ នៅយប់ថ្ងៃទី២១ ខែធ្នូ គម្លាតរវាងភពព្រហស្បតិ៍ និងភពសៅរ៍នឹងមានប្រវែងត្រឹម ១ភាគ៥ នៃអង្កត់ផ្ចិតព្រះច័ន្ទពេញវង់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បាតុភូតនេះអាចមើលឃើញពីគ្រប់ទីកន្លែងជុំវិញផែនដី ឲ្យតែអាកាសធាតុអំណោយផល ប៉ុន្តែអ្នកដែលស្ថិតនៅតំបន់អេក្វាទ័រ និងត្រូពិច នឹងទទួលបានឱកាសល្អជាងគេ។ ដោយឡែកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០៨០ ភពព្រហស្បតិ៍ និងភពសៅរ៍ ក៏នឹងបង្ហាញខ្លួននៅកៀក ប្រហាក់ប្រហែលគ្នាបែបនេះម្តងទៀតផងដែរ ប៉ុន្តែបន្ទាប់ពីពេលនោះទៅ គឺរហូតទាល់តែដល់ឆ្នាំ២៤០០ ឯណោះ ទើបមានបាតុភូត Great Conjunction ដ៏សែនកម្របែបនេះ រវាងភពទាំងពីរកើតឡើងទៀត៕