(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៧២,៨៣៩ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៤៦០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៤៥០,៦៦៦ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦១,៧៩០នាក់ និងជាសះស្បើយឡើងវិញ ៧.៤លាននាក់។ ប្រការនេះបានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 កាន់តែសាហាវផ្តាច់គេឯង នៅលើពិភពលោកនេះតែម្តង។

គួរបញ្ជាក់ថា ចំពោះមុខស្ថានការណ៍អាសន្ន ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលនឹងត្រូវរាប់រងបន្ទុកដ៏ធ្ងន់ធ្ងរបំផុតនេះ នៅពេលឡើងកាន់អំណាចជាផ្លូវការនៅដើមឆ្នាំ ២០២១ បានអំពាវនាវឲ្យប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ឈប់បង្កការរាំងស្ទះដល់ដំណើរការផ្ទេរអំណាច បើមិនដូច្នោះទេប្រជាជនអាមេរិក កាន់តែច្រើនថែមទៀត នឹងត្រូវបាត់បង់ជីវិតដោយ COVID-19៕