(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅថ្ងៃសុក្រនេះបានប្រកាសថា សមភាគីចិននឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីវិធីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺ COVID-19 ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងតំបន់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានគូសបញ្ជាក់ថា មានបញ្ហាផ្សេងៗទៀត ដែលបានបង្កជាក្តីបារម្ភ រវាងប្រទេសជប៉ុននិងចិន ហើយវាពិតជាសំខាន់ខ្លាំងណាស់ ដែលភាគីទាំងពីរដោះស្រាយវាម្តងមួយៗតាមរយៈកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់។ ជាមួយគ្នានោះ ប្រមុខការទូតជប៉ុនរូបនេះ ថែមទាំងបង្ហាញក្តីសង្ឃឹមថា នឹងមានផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក រវាងភាគីទាំងពីរ លើបញ្ហានៅក្នុងតំបន់ បញ្ហា COVID-19 ព្រមទាំងបញ្ហាអន្តរជាតិដទៃទៀតផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចខាងលើ នឹងមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និង២៥។ បន្ទាប់មកទៀត រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងចំនួន ៣ថ្ងៃផងដែរ។

ជុំវិញបញ្ហានេះ ក្រសួងការប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា លោករដ្ឋមន្ត្រីការបរទេសកូរ៉ូខាងត្បូង លោក Kang នឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយ សមភាគីចិនលោក វ៉ាង ស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការផ្លាស់ប្តូរកម្រិតខ្ពស់ សម្រាប់ការឆ្លើយតបនឹងជំងឺ COVID-19 និងបញ្ហាដែលគួរឲ្យព្រួយបារម្ភផ្សេងទៀត រួមទាំងឧបទ្វីបកូរ៉េផងដែរ៕