(អាមេរិក)៖ មជ្ឈមណ្ឌលចានតេឡេស្កូបល្បីឈ្មោះមួយនៅតំបន់ ភឺតូរីកូ (Puerto Rico) របស់សហរដ្ឋអាមេរិក នឹងត្រូវរុះរើចោល ដោយសារវាចាស់ទ្រុឌទ្រោមខ្លាំងពេក ហើយប្រឈមនឹងការដួលរលំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ចានតេឡេស្កូបឈ្មោះថា អារ៉េស៊ីបូ (Arecibo) ដែលមានមុខកាត់ ៣០៥ម៉ែត្រ ត្រូវបានគេសម្រេចរុះរើចោលបែបនេះ ព្រោះតែវាមិនអាចជួសជុលបាន។ មជ្ឈមណ្ឌលតេឡេស្កូប Arecibo រួមផ្សំឡើងពីចានទំហំ ៣០៥ម៉ែត្រសម្រាប់ចាប់រលកសញ្ញាប្រភេទជាវិទ្យុ ហើយនិងឧបករណ៍ធំមួយទៀតទម្ងន់ ៩០០តោន ដែលព្យួរនៅកម្ពស់ ១៣៧ម៉ែត្រពីខាងលើវា។

គួរបញ្ជាក់ថា តេឡេស្កូប Arecibo បានដើរតួនាទីជាធនធានវិទ្យាសាស្រ្តយ៉ាងសំខាន់មួយ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកតារាសាស្រ្តអស់រយៈពេល ៥៧ឆ្នាំមកហើយ។ វាត្រូវបានសាងសង់ឡើងកាលពីដើមទសវត្សរ៍ឆ្នាំ១៩៦០ ជាមួយគោលដៅសិក្សាអំពីស្រទាប់អ៉ីយ៉ុង (ionosphere) របស់ផែនដីឯណោះទេ ប៉ុន្តែក្រោយមកទៀតវាត្រូវបានប្រើប្រាស់ ក្រោមគោលដៅចម្រុះទៅវិញ។

ស្នាដៃគួរឲ្យកត់សម្គាល់របស់តេឡេស្កូប Arecibo រួមមានដូចជា ការផ្តល់ភស្តុតាងរឹងមាំជាលើកដំបូងនៃវត្តមានផ្កាយណឺត្រុង។ វាក៏ត្រួវគេប្រើប្រាស់ក្នុងការរកឃើញប្រព័ន្ធផ្កាយណឺត្រុងភ្លោះលើកដំបូងផងដែរ ដែលនាំឲ្យក្រុមតារាវិទូដែលបង្កើតរបកគំហើញនោះ បានឈ្នះពានរង្វាន់ណូបែលផ្នែករូបវិទ្យាថែមទៀត។

ក្រៅពីនេះ Arecibo បានជួយដល់ការរកឃើញជាលើកទីមួយនូវភព ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ កាលពីឆ្នាំ១៩៩២ ហើយវាក៏ត្រូវបានគេប្រើដើម្បីស្តាប់រលកសញ្ញា ដែលអាចបញ្ចេញមកពីជីវិតអេលៀនឆ្លាតវៃ នៅកន្លែងណាមួយក្នុងចក្រវាឡ និងដើម្បីតាមដានពពួកអាចម៍ផ្កាយ ដែលនៅកៀកផែនដីជាដើម៕