(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតនាវាមុជទឹកស៊េរីថ្មី ដែលជាផលិតផលនៅក្នុងស្រុកចំនួន ០៨គ្រឿង នៅក្រោមផែនការពង្រឹងសមត្ថភាពយោធា ដើម្បីតស៊ូនឹងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

កោះតៃវ៉ាន់ដែលចិនចាត់ទុកថា ត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បច្ចុប្បន្នមាននាវាមុជទឹកក្នុងចំនួនតែ ០៤គ្រឿងប៉ុណ្ណោះ ដោយពីរគ្រឿងជាប្រភេទនាវាមុជទឹក សល់ពីសម័យសង្រ្គាមលោកលើកទី ២ ដែលមិនអាចប្រៀបធៀបជាមួយនាវាចម្បាំង បំពាក់ទៅដោយអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកចិនបាននោះទេ។ បើតាមការគ្រោងទុក នាវាមុជទឹកដំបូងបំផុតនៃនាវាមុជទឹកទាំងនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា កោះតៃវ៉ាន់សព្វថៃ្ងបានអះអាងថា ខ្លួនកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងពីចិន ដែលកំពុងបង្កើនសកម្មភាពយោធា នៅក្បែរៗដែនកោះជាសម្ព័ន្ធមិត្តមិនផ្លូវការរបស់សហរដ្ឋអាមេរិកមួយនេះ ក្នុងនោះរួមមានទាំងការបញ្ជូនយន្ដហោះចម្បាំងឱ្យហោះឆ្វែល និងចូលក្នុងដែនអាកាសកោះតៃវ៉ាន់ជាដើម។ ប្រទេសចិនកាលពីឆ្នាំ២០១៩ ធ្លាប់បានព្រមានធ្ងន់ធ្ងរថា ចិននឹងប្រើប្រាស់កម្លាំងបាយ នៅក្នុងករណីដែលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬនៅពេលមានបរទេសណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិន៕