(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក លោក អាន់ឌ្រូ វីឡឺ (Andrew Wheeler) នឹងធ្វើទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះ ដែលវាជាដំណើរទស្សនកិច្ចលើកទីបីហើយរបស់មន្រ្តីជាន់ខ្ពស់អាមេរិក មកកាន់ដែនកោះមួយនេះ គិតចាប់តាំងពីខែសីហា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិនោះ បានបង្ហាញការប្រឆាំងយ៉ាងផ្ទួនៗ ចំពោះដំណើរទស្សនកិច្ចនៃរដ្ឋមន្រ្តីសុខាភិបាលអាមេរិក លោក អាឡិច អាហ្សា (Alex Azar) នៅទីក្រុងតៃប៉ិ កាលពីខែសីហាកន្លងទៅនេះ ហើយបន្ទាប់មកមន្រ្តីជាន់ខ្ពស់អាមេរិក មួយរូបទៀតទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច គឺលោក ខេត ក្រេច (Keith Krach) ក៏បានបំពេញទស្សនកិច្ចផងដែរមកកាន់កោះតៃវ៉ាន់ កាលពីខែកញ្ញាកន្លងទៅនេះ។

ជុំវិញបញ្ហាខាងលើនេះ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ ត្សេងឆាង (Su Tseng-chang) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «អន្តរកម្មរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បាននិងកំពុងកើនឡើង»។ បើតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសិព វូ (Joseph Wu) ប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក លោក អាន់ឌ្រូ វីឡឺ (Andrew Wheeler) នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ដើម្បីជួបពិភាក្សាទ្វេភាគីស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិ លើបញ្ហាការពារបរិស្ថាន»។ លោក Su បានសង្កត់ធ្ងន់ថា «ដំណើរទស្សនកិច្ចនេះ នឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ»

គួរបញ្ជាក់ថា បើតាមកាសែតញូយ៉កថែមស៍ (New York Times) ដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃរបស់លោក Wheeler ត្រូវបានគ្រោងធ្វើនៅកំឡុងដើមខែធ្នូខាងមុខនេះ ដើម្បីបង្កើនកិច្ចសហការគ្នាលើបញ្ហាមួយចំនួន រួមមានគំនិតផ្តួចផ្តើមរក្សាបរិស្ថានដែនសមុទ្រ (Save Our Seas) រួមទាំងការទុកដាក់សំរាម ការពារគុណភាពខ្យល់ និងគាំពារសុខភាពកុមារផងដែរ៕