(មិចស៊ីកូ)៖ ប្រទេសមិចស៊ីកូបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVIVD-19 ច្រើនជាង ១០០,០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បានធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសទី៤ ឈរនៅពីក្រោយ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក រហូតដល់ខ្ទង់រាប់សែននាក់។ នេះបើតាមការចេញទិន្នន័យពីគេហទំព័រ worldometers នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចូស ល្វីស អាឡូមៀ ហ្សេហ្គារ៉ា (Jose Luis Alomía Zegarra) នាយកគ្រប់គ្រងជំងឺឆ្លងមិចស៊ីកូបានប្រកាសថា ប្រទេសមិចស៊ីកូមានមនុស្សស្លាប់រហូតដល់ទៅ ១០០,១០៤នាក់ហើយដោយសារជំងឺ COVID-19 ក្នុងចំណោមអ្នកឆ្លងសរុបរហូតដល់ ១,០១៩,៥៤៣ករណី ខណៈមនុស្ស ៧៦៦,៣០០នាក់ទៀតបានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរមិចស៊ីកូ ប្រជាជនក្នុងប្រទេសនេះនៅតែបន្តមានភាពបែកខ្ញែកគ្នា ដោយមនុស្សមួយចំនួននៅតែព្រមមិនពាក់ម៉ាស់ ខណៈដែលមនុស្សមួយចំនួនទៀត មានការភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលពួកគេមានរោគសញ្ញាតិចតួច ដូចជាការដកដង្ហើមខ្លីៗ ហើយក៏ប្រញាប់ប្រញាល់ទៅរកការត្រួតពិនិត្យនៅមន្ទីរពេទ្យ៕