(ហាណូយ)៖ រដ្ឋាភិបាលទីក្រុងហាណូយបានព្រមានបិទ Facebook នៅក្នុងប្រទេសវៀតណាម ប្រសិនបើបណ្តាញសង្គមនេះ មិនព្រមបង្កើនសកម្មភាពរឹតត្បិតលើមាតិកានយោបាយ ឬការរិះគន់ ប្រឆាំងរដ្ឋាភិបាល នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីបុគ្គលិកជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុន Facebook ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បុគ្គលិកជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងបានឈានដល់កិច្ចព្រមព្រៀងកាលពីខែមេសា។ Facebook បានទទួលស្គាល់ការបញ្ចប់នៃកិច្ចព្រមព្រៀងរបស់យើង ហើយយើងសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងធ្វើបែបនេះដូចគ្នា។ ទោះជាបែបនេះក្តី ពួកគេ (វៀតណាម) បានប្រាប់យើងជាថ្មីឱ្យបង្កើនការរឹតត្បិត លើការបង្ហោះមាតិកាពាក់ព័ន្ធនឹង
នយោបាយនៅក្នុងប្រទេសវៀតណាម»។ បុគ្គលិក Facebook រូបនេះដដែលបានបន្ថែមថា ខាងក្រុមហ៊ុនអាមេរិកមួយនេះ បានប្រាប់ទៅភាគីវៀតណាមវិញថា ខ្លួនមិនអាចធ្វើបានឡើយ តែអាជ្ញាធរទីក្រុងហាណូយបានព្រមានថា នឹងចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះតែម្ដង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook កាលពីខែមេសាកន្លងទៅ បានព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការរឹតត្បិតការបង្ហោះព័ត៌មាន ឬមាតិកាទាំងឡាយណាដែលប្រឆាំង នឹងរដ្ឋអំណាច សម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុក ប៉ុន្តែវៀតណាមនៅតែបន្តស្នើជាថ្មីម្ដងទៀត ឱ្យក្រុមហ៊ុនមួយនេះកាលពីខែសីហាកន្លងទៅ បង្កើនសកម្មភាពរឹតត្បិតខ្លាំងជាងមុន លើការបង្ហោះមាតិកាដែលរិះគន់ ឬប្រឆាំងរដ្ឋាភិបាល៕