(វៀងចន្ទ)៖ រដ្ឋាភិបាលឡាវ នៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើអ្នកដំណើរទាំងអស់ដែលចូលមក ក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ការការឆ្លងរីករាលនៃជំងឺ COVID-19 ជារលកទី២ នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គនាយរងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោកស្រី Latsamy Vongkhamsao បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវៀងចន្ទ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋភិបាលឡាវ បានជំរុញឱ្យអាជ្ញាធរទូទាំងប្រទេសបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើអ្នកដំណើរទាំងអស់ដែលចូលមក ក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាត COVID-19 ។ លោកស្រី បន្ថែមថាអ្នកដំណើរដែលចូលក្នុងប្រទេសឡាវ នឹងត្រូវបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយកម្ដៅរាងកាយក៏នឹងត្រូវបានត្រួតពិនិត្យផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ មនុស្សសរុប ១,៨៥១នាក់ បានចូលក្នុងប្រទេសឡាវ តាមប៉ុស្តន៍ព្រំដែនត្រួតពិនិត្យអន្តរជាតិ និង១,០៨៣នាក់ ឆ្លងព្រំដែនមកពីប្រទេសថៃ ហើយមនុស្ស២,៦១២នាក់ កំពុងស្ថិតនៅតាមមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ចំនួន៣៤កន្លែងទូទាំងប្រទេស។ រដ្ឋាភិបាលក៏បានព្រមានផងដែរ ឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្ន ខ្ពស់ ក៏ដូចជាអនុវត្តវិធានការបង្ការនានាឱ្យបានខ្ជាប់ខ្ជួន។

បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធម្សិលមិញ ឡាវមានឆ្លង COVID-19 តែ២៥នាក់ប៉ុណ្ណោះ គ្មានអ្នកស្លាប់ និងជាសះស្បើយឡើងវិញ២៣នាក់៕