(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនមួយរូប បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននឹងនាំចូលអង្ករ បន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីបំពេញចន្លោះប្រហោងនៃការខូចខាតដោយព្យុះទីហ្វុង ចំពោះទិន្នផលកសិកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន លោក វីលៀម ដារ (William Dar) បានគូសបញ្ជាក់ថា ប្រទេសហ្វីលីពីនកំពុងកំណត់គោលដៅ ដើម្បីបង្កើនចំនួនអង្ករស្តុកទុក នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ ៩៣% ប៉ុន្តែដោយសារការខូចខាតផ្នែកកសិកម្ម ដែលបណ្ដាលមកពីព្យុះទីហ្វុង វាអាចនឹងធ្លាក់ចុះដល់ ៩០% វិញ។ ជុំវិញបញ្ហានេះ លោក William Dar បានគូសបញ្ជាក់ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ថែមថា «យើងមិនទាន់់បាននាំចូលអង្ករក្នុងបរិមាណប្រហាក់ប្រហែង ១០%ទៀត មកត្រៀមទុកបំពេញតម្រូវការនៅឡើយទេ»

បើយោងតាមការប៉ាន់ស្មានបឋម គិតជាទឹកប្រាក់លើការខូចខាត ផ្នែកកសិកម្មសរុបនៅទូទាំងប្រទេសហ្វីលីពីន ដោយសារការវាយប្រហារដោយព្យុះទីហ្វុង ម៉ូឡាវ (Molave), ហ្គោនី (Goni), និងវ៉ាមកូ (Vamco) បានកើនឡើងដល់ជាង ២៥០លានដុល្លារអាមេរិក។ រីឯតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនោះ គឺតំបន់ជ្រលង កាហ្គាយ៉ាន (Cagayan Valley) និង បាយខូល (Bicol) ដែលជាតំបន់ធ្វើស្រែដ៏ធំធេងមួយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

គួរបញ្ជាក់តាមស្ថិតិបានបង្ហាញថា ប្រទេសហ្វីលីពីនដែលមានប្រជាជនសរុបជិត ១១០លាននាក់ នឹងនាំចូលស្រូវប្រហែល ៧-១៤% នៃតម្រូវការសរុបប្រចាំឆ្នាំរបស់ខ្លួន ដោយសមស្របទៅនឹងទំហំនៃការខូចខាត ដោយសារព្យុះទីហ្វុងនៅក្នុងឆ្នាំ២០២០នេះ។ បើតាមក្រសួងកិសកម្មហ្វីលីពីន ជាមធ្យមប្រជាជនហ្វីលីពីនត្រូវការអង្ករជិត ១២០គីឡូក្រាមក្នុងម្នាក់ៗ សម្រាប់តម្រូវការពេញមួយឆ្នាំ៕