(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកសរសើរចំពោះសេដ្ឋកិច្ច ដ៏ធំសម្បើមរបស់ចិនថា «ជាមូលដ្ឋាននៃពាណិជ្ជកម្មសេរី» តែទន្ទឹមគ្នាលោកក៏បានព្រមានប្រឆាំងផងដែរពី «គំនិតគាំពារនិយម» ដែលបានបង្កបញ្ហាដល់សេដ្ឋកិច្ចសកលលោក ខណៈគ្រប់គ្នាកំពុងរងការខូចខាត ស្រាប់ទៅហើយដោយសារ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើ នាឱកាសចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC រៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសុន្ទរកថា លោក ស៊ី ជិនពីង បានសន្យាថា ចិននឹងបើកចំហទីផ្សារ ហើយកាត់បន្ថយពន្ធ ក៏ដូចជាគាំទ្រប្រព័ន្ធសកលភាវូនីយកម្ម និងពហុភាគីនិយម។ លោកប្រធានាធិបតីចិនរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកម្លាំងចលករឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសនោះគឺ COVID-19 តែម្ដង។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ប្រទេសចំនួន ២១ ដែលស្ថិតនៅជាប់ឆ្នេរនៃតំបន់ប៉ាស៊ីហ្វិក បូករួមទាំងសហរដ្ឋអាមេរិក និងចិនដែលតំណាង ៦០ភាគរយនៃ GDP សកល។ ទោះជាយ៉ាងណាគេមិនទាន់ប្រាកដថា តើលោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដោយផ្ទាល់ ឬក៏បញ្ជូនមន្ត្រីជាន់ខ្ពស់របស់លោកណាម្នាក់ ឲ្យចូលរួមជំនួសលោកឡើយ៕