(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ មិនមានផែនការរៀបចំកិច្ចប្រជុំកំពូល G7 ជាថ្មីឡើយ បន្ទាប់ពីបានលុបចោលកិច្ចប្រជុំកំពូលនេះ កាលពីខែមិថុនាកន្លងទៅ ដោយសារតែការឆ្លងរាតត្បាត COVID-19។ នេះបើតាមប្រភពការទូតចំនួន ០៣ ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងចំណោមប្រភពការទូតទាំង ៣ខាងលើ មានប្រភពការទូតមួយបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានធ្វើការសម្រេចចិត្តជាចុងក្រោយណាមួយ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូល G7 នៅឡើយទេ ខណៈពេលវេលាដែលត្រូវរៀបចំ កិច្ចប្រជុំកំពូលនេះកាន់តែខើចទៅៗ មុននឹងលោកត្រូវផ្ទេរអំណាចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

បន្ថែមពីលើនេះ ទោះបីជាការរៀបចំកិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញ នៅតែជាជម្រើសល្អមួយក៏ដោយ ក៏មិនទាន់មានកិច្ចសហការ ឬសេចក្ដីថ្លែងការណ៍រួមណាមួយនោះដែរ ស្របពេលសេតវិមានបានបដិសេធ មិនធ្វើការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា G7 គឺជាក្រុមបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ៧ ដែលមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន។ ពីដំបូងឡើយ រុស្ស៊ីក៏ជាសមាជិកក្នុងក្រុមប្រទេសទាំងនេះដែរ ឬគេស្គាល់ថា G8។ ប៉ុន្តែរុស្ស៊ីត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រួមដៃគ្នាជាមួយបណ្ដាប្រទេសជាសមាជិកដទៃ បណ្ដេញចេញពីក្រុម G8 កាលពីឆ្នាំ២០១៤ ក្រោយទីក្រុងម៉ូស្គូ ក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន៕