(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៣,៦៣២ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៩៥៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១១,៨៧៣,៧២៧ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥៦,២៥៤នាក់ និងជាសះស្បើយឡើងវិញជាង ៧លាននាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូយ៉កបានសម្រេចបិទសាលារៀនជាថ្មី ក្រោយពីបានមើលឃើញ សន្ទុះនៃការឆ្លង COVID-19 ដ៏គួរឲ្យតក់ស្លុត។

គួរបញ្ជាក់ថា ចំពោះមុខស្ថានការណ៍អាសន្ន ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅតែបន្តអំពាវនាវឲ្យលោក ដូណាល់ ត្រាំ បញ្ឈប់ការរារាំងដល់ដំណើរការផ្ទេរអំណាច ព្រោះបើមិនដូច្នោះទេការបញ្ចេញវ៉ាក់សាំង ដើម្បីសង្គ្រោះប្រជាជននៅឆ្នាំ២០២១ នឹងជួបភាពយឺតយ៉ាវ។ បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក Pfizer និង Moderna ក៏កំពុងជំរុញឲ្យអាជ្ញាធរសុខាភិបាលអាមេរិក អនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ៕