(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើង នៅតំបន់ចំនួននៅក្នុងរដ្ឋ វីសខុនសិន (Wisconsin) ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីបង្អាក់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសាព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋ Wisconsin ក៏ដូចជារដ្ឋ ចរជា (Georgia) បានប្រកាសឲ្យដឹងរួចទៅហើយថា ការរាប់ឡើងវិញនៅក្នុងរដ្ឋទាំងនេះ ទំនងជាមិនអាចផ្លាស់ប្តូរលទ្ធផលរួម ដែលបានចេញរួចទៅហើយនោះឡើយ។ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានព្រមានថា ការពន្យារពេលក្នុងការទទួលស្គាល់ ជ័យជន្នះរបស់លោកនោះមានន័យថា សហរដ្ឋអាមេរិកនឹងនៅពីក្រោយសប្តាហ៍ ឬក៏អាចឈានដល់ខែក្នុងការរៀបចំ ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19។

ជុំវិញបញ្ហាខាងលើនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋ Wisconsin បានប្រកាសថា ខ្លួននឹងត្រួតពិនិត្យការរាប់ឡើងវិញ នៅក្នុងតំបន់គាំទ្រគណបក្សប្រជាធិបតេយ្យចំនួនពីរគឺ មីលវូគី (Milwaukee) និងដេន (Dane) បន្ទាប់ពីយុទ្ធនាការរបស់លោក ត្រាំ បានចំណាយថវិកាចំនួន ៣លានដុល្លារ (តិចជាងតម្រូវការដែលមានរហូតដល់ ៧.៩លានដុល្លារ) នៅក្នុងការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងរដ្ឋ។

គួរបញ្ជាក់ថា រដ្ឋនានាកំពុងប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ពីលទ្ធផលបោះឆ្នោតចុងក្រោយ សម្រាប់គណៈប្រតិភូបោះឆ្នោត ធ្វើការជ្រើសរើសប្រធានាធិបតីជាផ្លូវការ នៅថ្ងៃទី១៤ ខែធ្នូ។ សភានឹងរាប់សំឡេងគណៈប្រតិភូនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលធម្មតាជាថ្ងៃកំណត់ផ្លូវការតែម្តងថា នរណាជាប្រធានាធិបតីអាណត្តិថ្មី។ ប៉ុន្តែក្រុមអ្នកគាំទ្រលោក ត្រាំ ទាំងនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាចជំទាស់នឹងលទ្ធផលចុងក្រោយ ក្នុងការប៉ុនប៉ងដកហូតសំឡេងគណៈប្រតិភូពីលោក បៃដិន ដើម្បីបង្វែសេចក្តីសម្រេចចុងក្រោយទៅឲ្យសភាវិញ ប៉ុន្តែនេះជារឿងកម្របំផុត៕