(តៃបុិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់នៅថ្ងៃពុធនេះបានបដិសេធ បន្តអាជ្ញាប័ណ្ណឲ្យទូរទស្សន៍ព័ត៌មានមួយ ដែលខ្លួនចាត់ទុកថាជាអ្នកគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោមហេតុផលថាប៉ុស្តិ៍ទូរទស្សន៍នេះ មានការជ្រៀតជ្រែកពីសំណាក់មហាសេដ្ឋីដែលមានភាពស្និតស្នាលជាមួយក្រុងប៉េកាំង ចំពេលដែលភាពភ័យខ្លាចចំពោះយុទ្ធនាការកៀងគររបស់ចិនកំពុងតែកើនឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ការច្រានចោលសំណើរបស់ទូរទស្សន៍ខ្សែកាប CTi គឺជាលើកទីមួយហើយ បើទោះបីជាស្ថានីយ៍ទូរទស្សន៍មួយនេះ ធ្លាប់បានរងការបញ្ជារឲ្យបិទដោយប្រយោល ចាប់តាំងពីគណៈកម្មការទំនាក់ទំនងជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ក៏ដោយ។ សេចក្តីសម្រេចនេះបានបង្កឲ្យមានការខឹងសម្បារភ្លាមៗ ពីសំណាក់ថ្នាក់ដឹកនាំទូរទស្សន៍ CTi ក៏ដូចជាគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang ដោយពួកគេបានហៅសកម្មភាពនេះថាជាការវាយប្រហារលើសេរីភាពសារព័ត៌មាន។

រដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសចិនបាននឹងកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន រួមមានយុទ្ធនាតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជ្រៀតជ្រែកនិងបង្កើនឥទ្ធិពលរបស់ខ្លួន នៅកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ហើយក៏បានគំរាមពីការប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងដៃនកោះមួួយនេះក្នុងករណីចំបាច់ផងដែរ។

ជុំវិញបញ្ហានេះ ទូរទស្សន៍ CTi បានសរសេសារបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «រដ្ឋាភិបាលលោកស្រី Tsai បានបិទ CTi …សេរីភាពសារព័ត៌មានបានស្លាប់ហើយ‌‌!»។ បន្ថែមពីលើនេះ ទូរទស្សន៍នេះ ថែមទាំងបានប្តេជ្ញាតតាំងនឹងសេចក្តីសម្រេចខាងលើ ទៅតាមផ្លូវតុលាការ ដោយបានបដិសេធថា ខ្លួនមិនបានប្រកាន់ជំហរគាំទ្រចិនឡើយ ហើយរដ្ឋាភិបាលកំពុងព្យាយាមដើរបំបិទមាត់អ្នកដែលមិនគាំទ្រគោលនយោបាយរបស់ខ្លួន តែប៉ុណ្ណោះ៕