(វែលលីងតុន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃពុធនេះបានសន្យាថា នឹងចាត់វិធានការប្រឆាំងនឹងក្រុមអ្នកដំណើរកម្សាន្តបែបផ្សងព្រេងនៅចំណុចសម្រស់ធម្មជាតិ ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ ក្រោយជំងឺឆ្លងរាតត្បាតសកល (COVID-19)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រជាពលរដ្ឋនូវែលសេឡង់ បានត្អូញត្អែរជាយូរមកហើយអំពី «ក្រុមអ្នកបោះជំរុំសេរី» ដែលធ្វើដំណើរកម្សាន្តតាមរយៈឡានបោះជំរុំ (camper vans) ដែលមិនមានបង្គន់អនាម័យត្រឹមត្រូវ ហើយបានបន្ទោបង់នៅតាមដងផ្លូវ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Stuart Nash បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ការបន្ទោរបង់នៅតាមផ្លូវគោក និងផ្លូវទឹក ព្រមទាំងការចោលកាកសំណល់មិនត្រឹមត្រូវនេះ មិនសមនឹងរូបភាពដ៏ស្រស់ស្អាត ១០០ភាគរយរបស់ប្រទេសនូវែលសេឡង់នោះទេ ហើយភ្ញៀវទេសចរអន្តរជាតិ អាចរំពឹងថា នឹងមានការប្រែប្រួល ខណៈព្រំដែននៃប្រទេសបើកដំណើរការឡើងវិញ។ ដូច្នេះ យើងទាំងអស់គ្នាដែលឈរជើងក្នុងនាមជាប្រទេសដ៏ស្រស់ស្អាតមួយ មិនគួរបន្ទោរបង់នៅតាមផ្លូវគោកនិងផ្លូវទឹក ដែលជាទង្វើរមិនសាកសមនេះទេ»

លោក Stuart Nash គ្រោងនឹងហាមឃាត់អ្នកធ្វើដំណើរកម្សាន្តទាំងអស់មិនឱ្យជួលឡានបោះជំរុំ (camper vams) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារឧស្សាហកម្មទេសចរណ៍ឡើងវិញ នៅពេលការឆ្លងរីករាលដាលនៃជំងឺ COVID-19 មានភាពធូរស្បើយ ដោយបានគូសបញ្ជាក់បន្ថែមថា «មហិច្ឆតារបស់ខ្ញុំ គឺនៅពេលដែលព្រំដែនពិភពលោកបើកចំហឡើងវិញ ប្រទេសនូវែលសេឡង់ ត្រូវបានពិចារណាដោយក្រុមអ្នកទេសចរដែលមានការវិនិច្ឆ័យល្អបំផុតនៅពិភពលោកថា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងបីនៅលើពិភពលោកដែលត្រូវមកទស្សនា»

គួរបញ្ជាក់ថា មុនពេលមានជំងឺឆ្លងរាតត្បាតសកល (COVID-19) ទេសចរណ៍ គឺជាផ្នែកមួយដ៏ធំបំផុតនៃការរកប្រាក់ចំនូលរបស់ប្រទេសនូវែលសេឡង់ ដោយមានភ្ញៀវទេសចរអន្តរជាតិប្រចាំឆ្នាំប្រហែល ៤លាននាក់ បានចាក់ថវិកាប្រមាណ ១១,២ពាន់លានដុល្លារអាមេរិកចូលក្នុងសេដ្ឋកិច្ចប្រទេសនេះ៕