(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញមុខការពារកិច្ចព្រមព្រៀង លើបទឈប់បាញ់រវាងអាហ្សែបៃហ្សង់ និងអាមេនី ដែលសម្រេចបានក្រោមការសម្របសម្រួលរបស់លោកផ្ទាល់ បន្ទាប់ពីបារាំងបានរិះគន់ពីភាពមិនច្បាស់លាស់ នៅក្នុងកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមលោក ពូទីន បទឈប់បាញ់រវាងអាហ្សែបៃហ្សង់ និងអាមេនី ធ្វើឡើងឈរលើមូលដ្ឋានរក្សាស្ថានភាពជាប្រក្រតី នៅក្នុងរយៈពេលវែង សម្រាប់តំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh)។ តែព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានទទួលស្គាល់ដែរថា បទឈប់បាញ់ខាងលើ ដែលបានអនុញ្ញាតឱ្យអាហ្សែបៃហ្សង់ គ្រប់គ្រងទឹកដីមួយផ្នែកធំ នៅក្នុងតំបន់ជម្លោះ ក្រោយការវាយប្រយុទ្ធគ្នាជាមួយអាមេនី អស់ជាច្រើនសប្ដាហ៍មកនេះ មិនបានដោះស្រាយបញ្ហាក្នុងតំបន់ Nagorno-Karabakh ទាំងស្រុងនោះឡើយ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក ពូទីន បានកើតមានឡើង បន្ទាប់ពីបារាំងរិះគន់ពីភាពមិនច្បាស់លាស់ នៅក្នុងកិច្ចព្រមព្រៀងនេះ ហើយថែមទាំងជំរុញឱ្យរុស្ស៊ី បញ្ជាក់ឱ្យបានច្បាស់ពីតួនាទីរបស់តួកគី នៅក្នុងជម្លោះខាងលើនេះផងដែរ។ លោក ពូទីន អះអាងថា តួកគីបានគាំទ្រអាហ្សែបៃហ្សង់ ក្នុងដំណើការរក្សាសន្តិភាព តាមរយៈការចូលរួមជាមួយរុស្ស៊ី ដែលនឹងប្រើប្រាស់យន្ដហោះដ្រូនតាមដានស្ថានការណ៍ រីឯកងទ័ពតួកគី នឹងមិនអាចចូលក្នុងតំបន់ Nagorno-Karabakh ឡើយ៕