(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បានជំរុញឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកវិធីសាស្រ្តរួមមួយ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់វិញ សំដៅធ្វើយ៉ាងណាធានាឱ្យបានថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដើរលើផ្លូវសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះផ្សាយដោយកាសែត បារាំង ឡឺ ម៉ង់ (Le Monde) រដ្ឋមន្រ្តីការបរទេសទាំងពីរ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូម អំពាវនាវឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកវិធីសាស្រ្តរួមមួយ ចំពោះអ៉ីរ៉ង់វិញ ដូច្នេះយើងអាចរួមគ្នាធ្វើឱ្យប្រាកដបានថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់នេះគឺមានគោល បំណងរក្សាសន្តិភាពតែប៉ុណ្ណោះ និងមានគោលបំណងដោះស្រាយបញ្ហាផ្សេងៗទៀតដែលអ៉ីរ៉ង់ធ្វើសម្រាប់សន្តិសុខ និងតំបន់របស់យើងផងដែរ»

អ៉ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចចំនួន០៦ កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីដោះស្រាយបញ្ហា ដ៏យូរអង្វែងនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ កិច្ចពិភាក្សាអស់រយៈពេលជាច្រើនខែ ត្រូវបានបញ្ចប់ដោយការយល់ស្រប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) ដែលប្រទេសអ៉ីរ៉ង់កាលណោះបានប្ដេជ្ញាកាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទទួលបានការបន្ធូរបន្ធយទណ្ឌកម្មសេដ្ឋកិច្ច និងផលប្រយោជន៍ ផ្សេងៗទៀតដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ជាពិសេស កិច្ចព្រមព្រៀងខាងលើនេះ បានប្រមើលឃើញថាការដាក់ទណ្ឌកម្មអាវុធ នឹងត្រូវបានដកចេញពីអ៉ីរ៉ង់ក្នុងរយៈពេល៥ឆ្នាំ ដែលការផ្គត់ផ្គង់អាវុធអាចនឹង ធ្វើទៅបាន ប៉ុន្តែមានតែការអនុញ្ញាតចេញពី UNSC ប៉ុណ្ណោះទេ។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០១៨កន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើនេះជាផ្លូវការ និងបានដាក់ទណ្ឌកម្មជា ឯកតោភាគីប្រឆាំងនឹងទីក្រុងតេរ៉ង់ (Tehran)។ ប៉ុន្តែ គេក៏មិនទាន់ប្រាកដថាតើសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ឡើងវិញដែរឬក៏យ៉ាងណានោះទេ នៅពេលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកជាផ្លូវការ៕