(ហុងកុង)៖ មន្ត្រីប៉ូលិសក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនអតីតសមាជិកសភាបីរូប នៅថ្ងៃពុធនេះ ជុំវិញឧបទ្ទវហេតុកើតឡើងកាលពីខែឧសភា និងខែមិថុនា ដោយមានការគប់វត្ថុរាវមានក្លិនស្អុយចូលក្នុងសភា ដែលនេះជាទង្វើត្រូវបានប៉ូលិសចាត់ទុកថា មានចេតនាបង្កគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ការចាប់ខ្លួនខាងលើបានកើតមានឡើង បន្ទាប់ពីសមាជិកសភា គាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ បានប្រកាសលាលែងចេញពីតំណែង កាលពីសប្ដាហ៍មុន ជាការតវ៉ានឹងការដកសមាជិកភាព នៃសមាជិកសភាបួនរូប ដែលជាមិត្តរួមការងាររបស់ពួកគេ។ បើតាមប៉ូលិសហុងកុង ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ អតីតសមាជិកសភាទាំងបីរូបខាងលើ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង ប្រើប្រាស់សារធាតុបង្កគ្រោះថ្នាក់ ដោយមានចេតនាបង្កឱ្យមានការបំផ្លិចបំផ្លាញ បង្ករបួសផ្លូវចិត្ត ឬការខឹងសម្បារដល់អ្នកដទៃ។

គួរបញ្ជាក់ថា ជុំវិញការអះអាងរបស់ប៉ូលិសហុងកុងខាងលើនេះ អតីតសមាជិកសភាទាំងបីរូប រួមមានលោក ថេដ ហួយ (Ted Hui), លោក រ៉េយ ចាន់ (Ray Chan) និងលោក ជូ ហយឌីក (Chu Hoi-dick) ក៏បាន ទទួលស្គាល់នៅក្នុងសារបង្ហោះលើ Facebook ថាពួកគេត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕