(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបានប្រកាសផ្អាកការហោះហើរ យន្តហោះចម្បាំង F-16 បន្ទាប់ពីហោះយន្តមួយគ្រឿងទៀតបានធ្លាក់ ដែលជាការបាត់បង់លើកទី ២ នៅក្នុងរយៈពេលមិនដល់មួយខែផងនោះ ស្របពេលដែលបេសកកម្មហោះស្ទាក់ យន្តហោះចិនកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយកងទ័ពអាកាសកោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំង F-16 ដែលអភិវឌ្ឍដោយអាមេរិកបានបាត់ខ្លួន ភ្លាមៗបន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស ហួលៀន (Hualien) ស្ថិតនៅឆ្នេរសមុទ្រខាងកើត ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ ដើម្បីហោះស្ទាក់យន្តហោះចម្បាំងចិន។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោកស្រី Tsai Ing-wen បាននិយាយថា កងទ័ពអាកាសបានសម្រេចបញ្ឈរជើងយន្តហោះ F-16 ទាំងអស់ ដើម្បីធ្វើការត្រួតពិនិត្យបន្ថែម។ លោកស្រីប្រធានាធិបតីរូបនេះបានបន្ថែមថា ខ្ញុំបានស្នើសុំឲ្យក្រសួងការពារជាតិត្រៀមខ្លួនប្រយុទ្ធ ដើម្បីធានាសន្តិសុខកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការបាត់បង់យន្តហោះ F-16 នេះគឺជាលើកទី ៤ហើយ សម្រាប់ការបង់ក្នុងវិស័យយោធាតៃវ៉ាន់ នៅក្នុងឆ្នាំ២០២០នេះ។ កាលពីខែមករា មន្ត្រីយោធាកំពូលរបស់កោះតៃវ៉ាន់ ស្ថិតក្នុងចំណោមមនុស្ស ០៨នាក់ដែលបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកពួកគេ បានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុងតៃប៉ិ។ សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានយល់ព្រមលក់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងទៀតនៅក្នុងតម្លៃ ៨ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យ កងទ័ពអាកាសកោះតៃវ៉ាន់មានយន្តហោះចម្បាំង F-16 រហូតដល់ទៅ ២០០គ្រឿង ដែលជាក្បួនយន្តហោះចម្បាំង F-16 ធំបំផុតនៅទ្វីបអាស៊ី៕