(បាងកក)៖ យ៉ាងហោចណាស់មនុស្ស ៥៥នាក់រងរបួស ដោយអ្នកខ្លះបានត្រូវនឹងគ្រាប់កាំភ្លើង ខណៈក្រុមបាតុករដែលដង្ហែរក្បួនទៅកាន់សភាថៃ បានប៉ះទង្គិចជាមួយក្រុមប៉ូលិស និងក្រុមប្រឆាំងរាជានិយម ក្នុងអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីចលនាបាតុកម្មដឹកនាំ ដោយក្រុមយុវជន និងនិស្សិតមហាវិទ្យាល័យ បានផ្ទុះឡើងកាលពីខែកក្កដាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អឺរ៉ាវ៉ាន់ (Erawan) នៅទីក្រុងបាងកកប្រទេសថៃ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥នាក់បានរងរបួស ក្នុងនោះមានមនុស្ស ៣២នាក់រងរបួសដោយឧស្ម័នបង្ហូរទឹកភ្នែក និងមនុស្ស ០៦នាក់ទៀតរងរបួសដោយគ្រាប់កាំភ្លើង ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើអ្នកណាជាអ្នកប្រើអាវុធនេះ។

ប៉ូលិសបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ារាប់ពាន់នាក់ ដែលព្យាយាមកាត់របាំងលួស និងដករបាំងបេតុងដែលបាំងនៅខាងក្រៅរដ្ឋសភាចេញ។ ប៉ុន្តែ ប៉ូលីសបានបដិសេធថា ពួកគេមិនបានបាញ់ដោយប្រើគ្រាប់កាំភ្លើងពិត ឬគ្រាប់កាំភ្លើងជ័រនោះទេ និងបាននិយាយបន្ថែមថា ពួកគេកំពុងតែស៊ើបអង្កេតថា តើអ្នកណាជាអ្នកប្រើអាវុធនេះ។

មេបញ្ជារងនៃស្ថាប័នប៉ូលិសទីក្រុងបាងកក លោក ភីយ៉ា ថាវិឆ័យ (Piya Tavichai) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា «យើងបានព្យាយាមជៀសវាងការប៉ះទង្គិចគ្នាដែរ។ យើងក៏បានព្យាយាមរុញច្រានក្រុមអ្នកតវ៉ាចេញពីសភា និងបានព្យាយាមបំបែកពួកគេ... ប៉ុន្តែពួកគេបានរុលមករកយើងវិញ ដែលធ្វើឱ្យយើងបានដកថយ បន្ទាប់ពីព្យាយាមទប់ស្កាត់អស់រយៈពេល ៦ម៉ោង»។ ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុឆា ភូរ៉ាផាឆ័យស្រ៊ី (Anucha Burapachaisri) ក៏បានគូសបញ្ជាក់បន្ថែមថា ប៉ូលិសត្រូវមានកាតព្វកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីការពារសមាជិកសភាឲ្យមានសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាថៃ ដើម្បីដាក់សម្ពាធទៅលើសមាជិកសភា ក្នុងកិច្ចពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ពួកគេក៏នៅតែបន្តការទាមទារ ឱ្យនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងទាមទារឱ្យមានការធ្វើកំណែទម្រង់របបរាជានិយម ដើម្បីទប់ស្កាត់អំណាចដ៏ខ្លាំងក្លារបស់ ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន ផងដែរ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើស្នូលមួយដ៏សំខាន់របស់ក្រុមអ្នកតវ៉ានេះ បានក្លាយជាបញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសថៃ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ៕