(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអភិវឌ្ឍឱសថដ៏ធំរបស់អាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា លទ្ធផលបឋមពីការធ្វើតេស្តសាកល្បង ដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេប្រសិទ្ធភាពជាង ៩០ភាគរយឯណោះ។

ជុំវិញបញ្ហាខាងលើនេះ លោក អាល់ប៊ឺត បួលឡា (Albert Bourla) នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានថ្លែងប្រាប់សារព័ត៌មានវេជ្ជសាស្ត្រ ស្តេត (Stat) យ៉ាងដូច្នេះថា យើងនឹងដាក់ពាក្យស្នើសុំការអនុញ្ញាត ឲ្យមានការប្រើប្រាស់វ៉ាក់សាំងនេះក្នុងករណីបន្ទាន់ ហើយយើងនឹងប្រកាសដំណឹងល្អ ឲ្យបានឆាប់រហ័សបំផុត។

កន្លងមកក្រុមហ៊ុន Pfizer រំពឹងថា នឹងទាក់ទងជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីដាក់ពាក្យសុំការអនុញ្ញាត ឲ្យមានការប្រើប្រាស់វ៉ាក់សាំង ក្នុងករណីបន្ទាន់នៅកំឡុងសប្តាហ៍ទី ៣ នៃខែវិច្ឆិកានេះ។ FDA បានដាក់លក្ខខណ្ឌលើ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ទាំងអស់តម្រូវឲ្យមានការតាមដាន ទិន្នន័យសុវត្ថិភាពយ៉ាងហោចណាស់ ២ខែ លើអ្នកស្ម័គ្របន្ទាប់ពីការចាក់លើកទី ២ និងក្រោយ ២៨ថ្ងៃបន្ទាប់ពីចាក់លើកទី ១ ដើម្បីធានាឲ្យប្រាកដជាក់ច្បាស់ថា «វ៉ាក់សាំងពិតជាសុវត្ថិភាព»

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយទៀតគឺ ម៉ូឌែលណា (Moderna) និងវិទ្យាស្ថានសុខភាពជាតិអាមេរិក ក៏បានប្រកាសពីលទ្ធផលបឋមស្រដៀងគ្នានេះដែរ ក្រោយការធ្វើតេស្តវ៉ាក់សាំង បានបង្ហាញប្រសិទ្ធភាពរហូតដល់ជិត ៩៥ភាគរយ។ ក្រុមហ៊ុន Moderna ក៏បានរំពឹងថា នឹងដាក់ពាក្យសុំការប្រើប្រាស់ជាបន្ទាន់ នៅត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា។

ជុំវិញបញ្ហានេះដែរ លោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) ប្រធានប្រតិបត្ដិប្រតិបត្តិការ វ៉ាប ស្ពីដ (Warp Speed) សម្រាប់កម្មវិធីចាក់វ៉ាក់សាំងនៅអាមេរិក បានគូសបញ្ជាក់ថា លោករំពឹងថា នឹងមានការយល់ព្រមពី FDA នៅក្នុងខែធ្នូ។ ចាប់តាំងពីក្រុមហ៊ុនទាំងនោះ បានទទួលមូលនិធិពីរដ្ឋាភិបាល លោក Slaoui ជឿថាក្រុមហ៊ុន Pfizer និង Moderna នឹងមានសមត្ថភាពផលិតវ៉ាក់សាំង សម្រាប់ពលរដ្ឋអាមេកាំង ២០លាននាក់នៅត្រឹមខែធ្នូ ឆ្នាំ២០២០៕