(ប៉េកាំង)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ចេញផ្សាយនៅថ្ងៃពុធនេះបានឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលមានឈ្មោះសម្គាល់ថា កូរ៉ូណាវ៉ាក់ (CoronaVac) ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដរបស់ក្រុមហ៊ុន ឱសថចិនស៊ីណូវ៉ាក (Sinovac Biotech) អាចបង្កើតប្រព័ន្ធភាពសុំាឆ្លើយតបភ្លាមៗ ទៅនឹងវីរុសដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Sinovac បានចេញផ្សាយការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅលើទស្សនាវដ្ដី ឡានសិត (Lancet) ពីលទ្ធផលទទួលបានការធ្វើតេស្ដវ៉ាក់សាំង COVID-19 ក្នុងដំណាក់កាលទី ១ និងទី ២ នៅក្នុងប្រទេសចិន ដោយមានអ្នកចូលរួមស្ម័គ្រចិត្តច្រើនជាង ៧០០នាក់។ លទ្ធផលធ្វើតេស្ដទាំងនេះបានបង្ហាញថា វ៉ាក់សាំង CoronaVac របស់ក្រុម ហ៊ុន Sinovac អាចបង្កើត ឬជំរុញសកម្មភាពប្រព័ន្ធភាពសុំា ឆ្លើយតបបានយ៉ាងលឿនក្នុងរយៈពេល ០៤សប្ដាហ៍ តាមរយៈការចាក់វ៉ាក់សាំង ២ដូសលើអ្នកចូលក្នុងការធ្វើតេស្ដ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា ការសិក្សានៅក្នុងការធ្វើតេស្ដដំណាក់កាលទី ៣ គឺជារឿងសំខាន់បំផុត ដើម្បីកំណត់ថា តើវ៉ាក់សាំង CoronaVac អាចនឹងការពារមនុស្សមិនឱ្យឆ្លង COVID-19 បានដែរឬក៏យ៉ាងណា។ បច្ចុប្បន្នក្រុមហ៊ុន Sinovac កំពុងដំណើរការការធ្វើតេស្ដវ៉ាក់សាំង លើមនុស្សក្នុងដំណាក់កាលទី ៣ nOក្នុងប្រទេសឥណ្ឌូណេស៊ី, ប្រេស៊ីល និងតួកគី។

គួរបញ្ជាក់ថា ការចេញផ្សាយការសិក្សាពីវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac កើតមានឡើងបន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក ភីហ្វឺហ្សឺ (Pfizer) និងក្រុមហ៊ុន ម៉ូឌែណា (Moderna) រួមទាំងក្រុមហ៊ុនរុស្ស៊ី សុទ្ធតែអះអាងរៀងៗខ្លួនថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពច្រើនជាង ៩០ភាគរយ ដោយឈរលើទិន្នន័យបឋម អំពីការធ្វើតេស្ដក្នុងដំណាក់កាលទី ៣ ដែលជាជំហានចុងក្រោយ៕