(វ៉ាស៉ីនតោន)៖ យានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យហើយ ជាមួយអវកាសយានិកចំនួន ០៤នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

យាន Crew Dragon បានចូលចតដោយស្វ័យប្រវត្តិនៅស្ថានីយ ISS នាវេលាម៉ោង ១១៖០១នាទីយប់ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា (ពេលវេលា ក្នុងតំបន់នៅអាមេរិក) គឺរយៈពេលជាង ២៧ម៉ោង ក្រោយហោះឡើងចេញពីមជ្ឈមណ្ឌលអវកាស Kennedy ស្ថិតនៅក្នុងរដ្ឋផ្លូរីដា។ អវកាសនិកបីនាក់របស់ ទីភ្នាក់ងារអវកាសអាមេរិក NASA និងម្នាក់មកពីទីភ្នាក់ងារអវកាសជប៉ុន JAXA បានធ្វើដំណើរក្នុងយាន Crew Dragon ដែលមានឈ្មោះថា Resilience។

គួរបញ្ជាក់ថា ពួកគេនឹងធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្រ្ត និងការជួសជុលស្ថានីយ ISS ក្នុងកំឡុងបេសកកម្មរយៈពេល ០៦ខែនៅទីនោះ ហើយនឹងត្រឡប់ចុះមកផែនដីវិញនៅចន្លោះខែមីនា-ឧសភា ឆ្នាំ២០២១។ បេសកកម្មនេះហៅថា Crew-1 គឺជាបេសកកម្មផ្លូវការដំបូង ក្នុងចំណោមបេសកកម្មរួមគ្នាសរុបចំនួន ០៦ រវាងអង្គការ NASA និងក្រុមហ៊ុន SpaceX នៅក្រោមកម្មវិធី Commercial Crew Program របស់ NASA៕