(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចូលរួម ជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដើម្បីបង្ហាញពីការរួបរួមគ្នាជាធ្លុងមួយ លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសន្និសីទកាសែតមួយ ដើម្បីពិភាក្សាពីផែនការសេដ្ឋកិច្ចលោក ចូ បៃដិន បានលើកឡើងថា «នៅពេលដែលយើងយកម្រាមដៃចង្អុលដាក់មិត្តភក្តិរបស់យើង ហើយប្រកាន់យកជំហរតាមប្រទេសផ្តាច់ការ វាគឺជារឿងដែលមិនអាចទទួលយកបានសម្រាប់ខ្ញុំ»

នៅពេលដែលសួរថា តើសហរដ្ឋអាមេរិកគួរចូលរួម នៅក្នុងប្លុកពាណិជ្ជកម្មសេរីដែលទើបបង្កើតថ្មី មានឈ្មោះថាកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬហៅកាត់ថា RCEP ដែរឬអត់នោះ លោក បៃដិន បានឆ្លើយតបវិញថា លោកបានពិភាក្សាជាមួយមេដឹកនាំពិភពលោក ជាច្រើនរូបមកហើយស្តីពីពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែដោយយោងតាមច្បាប់សហរដ្ឋអាមេរិក លោកមិនអាចផ្តល់ព័ត៌មានលម្អិត ជាសាធារណៈបានឡើយ។ លោក បៃដិន បានសន្យាថា រដ្ឋបាលរបស់លោកនឹងបង្ហាញព័ត៌មានលម្អិត នៃរបៀបវារៈលើគោលនយោបាយពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមករា គឺមួយថ្ងៃបន្ទាប់ពីលោកចូលកាន់តំណែងផ្លូវការ។

គួរបញ្ជាក់ថា ប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយពាណិជ្ជកម្មបែបអរិភាព ដើម្បីប្រឆាំងនឹងបណ្តាប្រទេសសម្ព័ន្ធមិត្ត តាមរយៈការបង្កើនពន្ធលើដែកថែប អាលុយមីញ៉ូម និងទំនិញផ្សេងៗទៀតមកពីប្រទេសកាណាដា ម៉ិចស៊ិកូ និងសហភាពអឺរ៉ុប ក៏ដូចជាប្រទេសប្រទេសចិន។ លោក បៃដិន បានកត់សម្គាល់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវមានភាពស៊ីសង្វាក់គ្នា ជាមួយបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត ដើម្បីកំណត់គោលការណ៍ពាណិជ្ជកម្ច ជាជាងពឹងផ្អែកលើប្រទេសចិន និងប្រទេសផ្តាច់ការផ្សេងទៀត។

គួរបញ្ជាក់ថា នៅថ្ងែដដែលលោក បៃដិន ក៏បានគូសបញ្ជាក់ដែរថា រដ្ឋបាលថ្មីរបស់លោកនឹងមិនអនុវត្ត គោលនយោបាយពាណិជ្ជកម្មបែបទណ្ឌកម្មទេ ប៉ុន្តែលោកនឹងធ្វើឲ្យប្រជាជនអាមេរិក មានភាពប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ព្រមទាំងធានាឲ្យប្រាកដថា មេដឹកនាំសហជីប និងបរិស្ថាន ក្លាយជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ដែលយើងធ្វើឡើង៕