(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៤,១០៦ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលធ្វើឲ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៧០,៦៤៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ី នហួ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ ៨៥នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឲ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ១៥,២៩៦នាក់។ ក្រសួងបន្ថែមទៀតថា អ្នកជាសះស្បើយបានកើនដល់ ៣៩៥,៤៤៣នាក់ បន្ទាប់ពីអ្នកជំងឺ ៣,៤៥២នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅតែបន្តរកឃើញ ក្នុងកម្រិតខ្ពស់ ឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ក៏បានប្រកាសដែរថាខ្លួនមានគម្រោងចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងប្រទេស នៅត្រឹមចុងឆ្នាំ២០២០នេះ៕