(តូក្យូ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ទំនងជានឹងចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ជាប្រវត្តិសាស្រ្ត នៅថ្ងៃអង្គារខាងមុខ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Morrison នឹងមកដល់ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈក្រុមអ្នកជំនាញផ្នែកសន្តិសុខរំពឹងថា លោកនឹងឈានដល់កិច្ចព្រមព្រៀងយោធា (RAA) ជាមួយលោក Suga ដើម្បីបង្កើតក្របខណ្ឌច្បាប់សម្រាប់កងទ័ពនៃប្រទេសទាំងពីរធ្វើការហ្វឹកហាត់ និងធ្វើប្រតិបត្តិការយោធារួមគ្នា។ មន្ត្រីនៃក្រសួងការបរទេសជប៉ុន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា នឹងមានរឿងត្រូវប្រកាសបន្ទាប់ពីកិច្ចប្រជុំបិទបញ្ចប់។

កិច្ចព្រមព្រៀងខាងលើបានចំណាយពេល ៦ឆ្នាំ ដើម្បីចរចា ហើយចាំបាច់ត្រូវផ្តល់សច្ចាប័នពីសមាជិកសភានៃប្រទេសទាំងពីរ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដំបូង សម្រាប់ប្រទេសជប៉ុន ចាប់តាំងពីខ្លួនបានចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំ១៩៦០ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋាន នាវាចម្បាំង, យន្តហោះចម្បាំង ព្រមទាំងកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសជប៉ុន។

រដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ា កំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ស្របពេលដែលពួកគេកំពុងព្រួយបារម្ភពីការកើនឡើងនៃសកម្មភាព កងទ័ពចិន ក្នុងសមុទ្រចិនខាងត្បូង, ការធ្វើសមយុទ្ធនៅប្រជុំដែនកោះមានជម្លោះនៅសមុទ្រចិនខាងកើត និងសកម្មភាពរបស់ទីក្រុងប៉េកាំងមកលើប្រទេស ដែនកោះប៉ាស៊ីហ្វិកខាងកើត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ប្រទេសជប៉ុន និងអូស្រ្តាលី ក៏បានយល់ព្រមចែករំលែកគ្រឿងបិរក្ខាយោធា និងបន្តពង្រឹងរហូតដល់ឆ្នាំ២០១៧។ ទោះបីជា ប្រទេសជប៉ុន បានលះបង់សិទ្ធិប្រកាសសង្គ្រាមក្រោយសង្គ្រាមលោកលើកទី២ ក៏ដោយ ក៏កងកម្លាំងការពារខ្លួនរបស់ជប៉ុន នៅតែជាកងទ័ពដ៏ធំ និងទំនើបបំផុតមួយនៅទ្វីបអាស៊ី រួមមាន យន្តហោះចម្បាំងដែលមានសមត្ថភាពបំបាំងកាយ, នាវាផ្ទុកឧទ្ធម្ភាគចក្រនាវាមុជទឹក និងបានបង្កើតអង្គភាពថ្មីមួយទៀតដែលទទួលបានការបណ្តុះបណ្តាល ពីកងម៉ារីនអាមេរិក។ ចំណែកឯ អូស្រ្តាលីវិញក៏ជាប្រទេសមហាអំណាចយោធាមួយនៅក្នុងតំបន់ផងដែរ៕