(រ៉ូម)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា វីរុសកូរ៉ូណា (COVID-19) ប្រហែលជាមានវត្តមាននៅក្នុងប្រទេសអ៉ីតាលី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺរយៈពេល ០៣ខែមុននឹងវីរុសនេះ ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ការសិក្សាស្រាវជ្រាវថ្មីខាងលើនេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយវិទ្យាស្ថានជាតិស្រាវជ្រាវជំងឺមហារីក ក្នុងទីក្រុង មីលែន (Milan) ហើយប្រសិនបើវាជាការពិតមែននោះមានន័យថា COVID-19 មានវត្តមាននៅក្នុងប្រទេសអ៉ីតាលី បីខែមុននឹងវីរុសនេះ ត្រូវបានគេរកឃើញដំបូងក្នុងទីក្រុងវូហាន ប្រទេសចិនក្នុងខែធ្នូ ឆ្នាំ២០១៩ និង ០៥ខែមុននឹងករណីឆ្លងដំបូងក្នុងប្រទេសអ៉ីតាលី ត្រូវបានគេរាយការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

វិទ្យាស្ថានដដែលបានឱ្យដឹងទៀតថា ១១.៦ភាគរយនៃអ្នកស្ម័គ្រចិត្ត ៩៥៩នាក់ ដែលបានចូលរួមក្នុងការធ្វើតេស្ដត្រួតពិនិត្យជំងឺមហារីកសួត នៅចន្លោះពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ សុទ្ធតែមានការវិវត្តអង់ទីករឆ្លើយតបនឹង COVID-19 បានល្អនៅមុនខែកុម្ភៈ។

គួរបញ្ជាក់ថា ករណីឆ្លង COVID-19 ដំបូងនៅអ៉ីតាលី ត្រូវបានរាយការណ៍នៅតំបន់ Lombardy ស្ថិតនៅភាគខាងជើងប្រទេសអឺរ៉ុបមួយនេះ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ ហើយតំបន់មួយនេះក៏មានសេចក្ដីរាយការណ៍ជាច្រើន អំពីករណីគ្រុនក្ដៅ និងជំងឺសួតក្នុងកម្រិតខ្ពស់ផងដែរ នៅកំឡុងត្រីមាសចុងក្រោយនៅឆ្នាំ២០១៩ ដែលបានធ្វើឱ្យអ្នកជំនាញអ៉ីតាលីមួយចំនួនគិតថា COVID-19 ប្រហែលជាមានវត្តមាន មុនករណីឆ្លងដំបូងត្រូវបានរាយការណ៍ទៅទៀត៕