(វ៉ាស៊ីនតោន)៖ ក្រុមទីប្រឹក្សាខាងវិទ្យាសាស្ត្ររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាមេរិកផលិតវ៉ាក់សាំង កូវីដ១៩ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈការផ្ទេរអំណាចប្រធានាធិបតី នៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ ដោយសារតែលោកប្រធានាធិបតីជិតផុត អាណត្តិ ដូណាល់ ត្រាំ មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ការប្រកាសពីដំណឹងជួបជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ធ្វើឡើងដោយលោក Ron Klain ដែលទើបតែត្រូវបានលោក ចូ បៃដិន ជ្រើសរើសឱ្យកាន់តំណែង ជានាយសេនាធិការសេតវិមាន នៅពេលរដ្ឋបាលថ្មីរបស់លោកចូលកាន់តំណែង។ លោក Ron Klain បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងនឹងចាប់ផ្ដើមពិគ្រោះ យោបល់នៅក្នុងសប្ដាហ៍នេះ ជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកដទៃទៀត»

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer កាលពីសប្ដាហ៍មុន បានប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាពលើស៩០ភាគរយ ដែលនេះកំពុងផ្ដល់ក្ដីសង្ឃឹមឱ្យ ប្រជាជននៅលើពិភពលោកថាជំងឺរាតត្បាតសកលមួយនេះ នឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ ក៏ប៉ុន្តែ អ្នកជំនាញកំពូលអាមេរិក ខាងជំងឺឆ្លង លោក Anthony Fauci ដែលកំពុងស្ថិតនៅក្រោមមុខសញ្ញាអាចនឹងត្រូវលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែង បាននិយាយថាការពន្យារពេលការផ្ទេរអំណាចឱ្យរដ្ឋបាលថ្មី គឺជាបញ្ហាមួយដ៏ចម្បង កំឡុងវិបត្តិសុខាភិបាលក្នុងពេលបច្ចុប្បន្ននេះ៕